
រដ្ឋាភិបាលកូរ៉េខាងត្បូង បានបើកបណ្តាញទូរស័ព្ទបន្ទាន់សម្រាប់វេជ្ជបណ្ឌិតនៅថ្ងៃអង្គារ (១២ មីនា) នេះ ដែលរដ្ឋមន្ត្រីសុខាភិបាលបាននិយាយថា មានគោលបំណងគាំទ្រគ្រូពេទ្យ ដែលប្រឈមមុខនឹងការយាយី ឬសម្ពាធពីមិត្តភ័ក្តិ ប្រសិនបើពួកគេជ្រើសរើសមិនចូលរួមក្នុងការដើរតវ៉ាដ៏ធំជុំវិញផែនការកំណែទម្រង់ការថែទាំសុខភាពរបស់រដ្ឋាភិបាល។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ឆូ ខ្យូហុង (Cho Kyoo-hong) បានចោទប្រកាន់ក្រុមគ្រូពេទ្យហាត់ការមួយចំនួនថាបានយាយីពេទ្យកម្មសិក្សាការី ដែលបានសម្រេចចិត្តមិនចូលរួមក្នុងការដើរចេញពីការងារនេះ ឬអ្នកដែលមានបំណងនឹងចូលធ្វើការវិញ។ ចំណាត់ការនេះកើតឡើងស្របពេលមានសញ្ញាតិចតួចនៃការបញ្ចប់ការដើរចេញពីការងាររយៈពេល ៣ សប្តាហ៍ ហើយខណៈដែលសាស្រ្តាចារ្យពេទ្យមួយចំនួនក៏បានគំរាមចូលរួមការតវ៉ា ដោយការលាលែងពីតំណែងរបស់ពួកគេផងដែរ។
លោក ឆូ បាននិយាយថា គិតត្រឹមថ្ងៃច័ន្ទ (១១ មីនា) វេជ្ជបណ្ឌិតចំនួន ៥.៥៥៦ នាក់ដែលបានចាកចេញពីមុខតំណែងរបស់ពួកគេ ត្រូវបានផ្តល់ការជូនដំណឹងជាមុនដែលបញ្ជាក់ថាអាជ្ញាធរនឹងចាប់ផ្តើមព្យួរអាជ្ញាប័ណ្ណវេជ្ជសាស្ត្ររបស់ពួកគេ ប្រសិនបើមិនបង្ហាញពីភាពត្រឹមត្រូវនៃសកម្មភាពរបស់ខ្លួន។
វេជ្ជបណ្ឌិត ដែលចូលរួមក្នុងការតវ៉ានេះបានសម្ដែងការប្រឆាំងនឹងផែនការបង្កើនចំនួននិស្សិតពេទ្យចូលរៀនប្រចាំឆ្នាំចំនួន ២.០០០ នាក់ចាប់ពីឆ្នាំ២០២៥ ដោយនិយាយថាជំហាននេះនឹងធ្វើឱ្យគុណភាពនៃការអប់រំផ្នែកវេជ្ជសាស្រ្តកាន់តែអាក្រក់ ហើយមិនជំរុញដល់ការកែលម្អប្រាក់ប្រាក់ខែ និងលក្ខខណ្ឌការងារឱ្យប្រសើរឡើងនោះទេ៕