
ក្រសួងការពារជាតិចិនបានប្រកាសថា ប្រទេសចិន អ៊ីរ៉ង់ និងរុស្ស៊ី បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នានៅឈូងសមុទ្រអូម៉ង់ កាលពីថ្ងៃចន្ទ (១១ មីនា) ក្នុងគោលបំណង «រួមគ្នាការពារសន្តិសុខដែនសមុទ្រក្នុងតំបន់»។
កងទ័ពជើងទឹកទាំងបីនឹងធ្វើសមយុទ្ធរួមគ្នាដែលមានឈ្មោះថា «ចំណងសន្តិសុខ-២០២៤» (Security Bond-2024) ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែមីនា យោងតាមផែនការប្រចាំឆ្នាំ និងការឯកភាពដែលសម្រេចបានដោយគ្រប់ភាគី នេះបើយោងតាមក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានដកស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា «ប្រទេសចិន នឹងបញ្ជូននាវាពិឃាតមីស៊ីលដើរដោយប្រព័ន្ធទូរបញ្ជាទី៤៥ ឈ្មោះ អ៊ូរ៉ុមឈី (Urumqi) នាវាចម្បាំងមីស៊ីលប្រព័ន្ធទូរបញ្ជា លីនយី (Linyi) និងនាវាផ្គត់ផ្គង់ដ៏ទូលំទូលាយ តុងភីងហ៊ូ (Dongpinghu) ដើម្បីចូលរួមក្នុងសមយុទ្ធនេះ ក្នុងគោលបំណងរួមគ្នារក្សាសន្តិសុខដែនសមុទ្រក្នុងតំបន់»។
ក្រសួងបានបន្ថែមថា សមយុទ្ធជាក្រុមរបស់រុស្ស៊ីនេះ គឺដឹកនាំដោយនាវា វ៉ាយ៉ែក (Varyag) ដែលជានាវាផ្ទុកមីស៊ីលមកពីកងនាវាប៉ាស៊ីហ្វិករបស់ខ្លួន ហើយតំណាងមកពីកងនាវាចរប៉ាគីស្ថាន កាហ្សាក់ស្ថាន អាស៊ែបៃហ្សង់ អូម៉ង់ ឥណ្ឌា និងអាហ្វ្រិកខាងត្បូង នឹងដើរតួជាអ្នកសង្កេតការណ៍៕