បាត់ដំបង៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងលោកជំទាវ បានផ្ដល់នូវសម្ភារៈបរិក្ខារសុខាភិបាល ការពារឆ្លងជំងឺកូវីដ១៩ ដល់រដ្ឋបាលខេត្តបាត់ដំបង ខណៈដែលក្នុងខេត្តមួយនេះ នៅដើមខែកក្កដា ឆ្នាំ២០២១ នៅតែបន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ក្នុងតួលេខខ្ពស់ប្រចាំថ្ងៃ ។
ក្នុងឱកាសនាំយកសម្ភារៈបរិក្ខារៈ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ស សុខា មានប្រសាសន៍ថា សម្ភារៈប្រើប្រាស់សម្រាប់ការពារកូវីដ-១៩ គ្រឿងឧបភោគ សម្រាប់ជួយឧបត្ថម្ភនេះ ដើម្បីជួយសម្រាលដល់ការលំបាកខ្វះខាត ជាមួយរដ្ឋបាលខេត្តបាត់ដំបង ក្នុងការប្រយុទ្ធប្រឆាំងការពារជំងឺកូវីដ១៩ ដែលកំពុងតែឆ្លងរាតត្បាតចូលក្នុងសហគមន៍កាន់តែកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ និងគួរឲ្យបារម្ភ ។
ក្នុងពេលទទួលអំណោយ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណចំពោះឯកឧត្តម និងលោកជំទាវ ព្រមទាំងសហការី ដែលបាននាំយកអំណោយទាំងអស់នេះ ដើម្បីជួយគាំទ្រការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅក្នុងខេត្ត។
ឯកឧត្តមអភិបាលខេត្តបាត់ដំបង សម្រាប់សម្ភារៈបរិក្ខារសុខាភិបាល និងអំណោយគ្រឿងឧបភោគបរិភោគទាំងនេះ និងផ្តល់ទៅកន្លែងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ បានប្រើប្រាស់ និងចែកដល់ប្រជាពលរដ្ឋ ដែលជួបការលំបាក និងខ្វះខាតខ្លាំងក្នុងជីវភាពប្រចាំថ្ងៃ ជាពិសេសពលរដ្ឋដែលរស់នៅតំបន់បិទខ្ទប់ និងមានការខ្វះខាតខ្លាំង ។
គួរបញ្ជាក់ថា បន្ទាប់ពីផ្ដល់នូវបរិក្ខារសុខាភិបាល ដល់រដ្ឋបាលខេត្តបាត់ដំបង ឯកឧត្តម ស សុខា និងក្រុមការងារ ក៏បានអញ្ជើញចុះពិនិត្យទីតាំងកំពុងចាក់វ៉ាក់សាំងស៊ីណូហ្វាម ដល់ពលរដ្ឋ នៅក្នុងខេត្តបាត់ដំបងផងដែរ ៕
អត្ថបទ ៖ បាន សុរិទ្ធ

