
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃចន្ទ បានចុះហត្ថលេខាចូលជាច្បាប់ នូវសេចក្តីស្នើច្បាប់ ដែលហាមឃាត់ក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម មិនឱ្យធ្វើការជាមួយភ្នាក់ងារបរទេស។ នៅក្រោមច្បាប់ថ្មី រាល់អាជីវកម្ម មិនអាចផ្សាយពាណិជ្ជកម្មផលិតផល និងសេវាកម្មរបស់ពួកគេ ជាមួយបុគ្គល និងអង្គភាពដែលក្រសួងយុត្តិធម៌ បានបង្ហាញថាជា «ភ្នាក់ងារបរទេស» ទៀតបានឡើយ។ អ្នកល្មើសច្បាប់ អាចប្រឈមមុខនឹងការផាកពិន័យ ឬទោសព្រហ្មទណ្ឌ។
ច្បាប់នេះ ធ្វើឱ្យមិនអាចរកប្រាក់ពីការផ្សាយពាណិជ្ជកម្មបានពីភ្នាក់ងារបរទេស។ ការផ្សព្វផ្សាយព័ត៌មានអំពីភ្នាក់ងារបរទេសតាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងអ៊ីនធឺណិត ត្រូវបានរឹតត្បិតយ៉ាងទូលំទូលាយ។ វិមានក្រឹមឡាំង បាននឹងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការរឹតបន្តឹងសេរីភាពនៃការនិយាយស្តី ដោយចាត់ទុកថា អ្នករិះគន់រដ្ឋបាល លោក ពូទីន គឺជាភ្នាក់ងារបរទេស។
ទន្ទឹមនឹងនេះ ទីភ្នាក់ងារសារព័ត៌មាន Tass រាយការណ៍ថា អាជ្ញាធររុស្ស៊ី បានឃុំខ្លួនបុរសជនជាតិកូរ៉េខាងត្បូងម្នាក់ ពីបទសង្ស័យចារកម្ម កាលពីដើមឆ្នាំនេះ នៅក្នុងទីក្រុង Vladivostok ហើយបានបញ្ជូន បុរសនោះ ទៅទីក្រុងមូស្គូ សម្រាប់ការស៊ើបអង្កេតបន្ថែម។ បុរសនេះ គឺជាពលរដ្ឋកូរ៉េខាងត្បូង ដំបូងគេ ដែលត្រូវបានឃុំខ្លួននៅក្នុងប្រទេសរុស្ស៊ី ដោយសង្ស័យពីបទចារកម្ម។ តុលាការនៅទីក្រុងមូស្គូ បានសម្រេចឃុំខ្លួនជនសង្ស័យ រហូតដល់ពាក់កណ្តាលខែមិថុនា។ រដ្ឋាភិបាលរុស្ស៊ី បានដាក់បញ្ចូលប្រទេសកូរ៉េខាងត្បូង និងជប៉ុន នៅក្នុងបញ្ជីប្រទេស« អមិត្ត» ដែលបានដាក់ទណ្ឌកម្មមកលើប្រទេស រុស្ស៊ី។