
អ្នកនាំពាក្យយោធារបស់ក្រុមហ៊ូទី លោក Yahya Sarea បាននិយាយនៅថ្ងៃអង្គារនេះថា ចលនាក្រុមហ៊ូទី នៅប្រទេសយេម៉ែន បានបើកការវាយប្រហារដោយមីស៊ីល នៅសមុទ្រក្រហមទៅលើនាវា ដែលត្រូវបានកំណត់អត្តសញ្ញាណថាជានាវារបស់សហរដ្ឋអាមេរិក។ សេចក្តីថ្លែងការណ៍ ដែលត្រូវបានផ្សព្វផ្សាយតាមរយៈទូរទស្សន៍ al-Masirah របស់ក្រុមហ៊ូទី បានអះអាងថា ការវាយប្រហារនេះ គឺមានភាពច្បាស់លាស់។ លោក Sarea និយាយថា ក្រុមហ៊ូទី មានផែនការបង្កើនការវាយប្រហាររបស់ពួកគេ ក្នុងអំឡុងពេលបុណ្យរ៉ាម៉ាដាន ក្នុងសាមគ្គីភាពជាមួយពលរដ្ឋប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា។ ប្រតិបត្តិការពាណិជ្ជកម្មដែនសមុទ្ររបស់ចក្រភពអង់គ្លេស បានប្រកាសអំពីឧប្បត្តិហេតុមួយទាក់ទងទៅនឹងនាវាដឹកទូរទំនិញដែលមានទង់ជាតិប្រទេសលីបេរីយ៉ា បានកើតឡើងចម្ងាយ ៧១ ម៉ាយ ភាគនិរតីទីក្រុង Hodeidah ជាកំពង់ផែ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ូទី កាលពីថ្ងៃចន្ទ ប៉ុន្តែគ្មានអ្នកស្លាប់ រងរបួស ឬខូចខាតនាវា ត្រូវបានរាយការណ៍ឡើយ។ កាលពីថ្ងៃច័ន្ទ ប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហ៊ូទី បានរាយការណ៍ពីការវាយប្រហារតាមអាកាសចំនួន៩លើក ជាអ្វីដែលពួកគេបានចាត់ទុកថា ធ្វើឡើងដោយក្រុមចម្រុះ សហរដ្ឋអាមេរិក និងអង់គ្លេស នៅក្នុងតំបន់ជុំវិញកំពង់ផែ Hodeidah ។ ប្រភពព័ត៌មានក្នុងស្រុករាយការណ៍ថា ការវាយប្រហារទាំងនេះ គឺសំដៅលើទីតាំងយោធាដែលកាន់កាប់ដោយក្រុមហ៊ូទី។
ចាប់តាំងពីខែវិច្ឆិកាមក ក្រុមហ៊ូទី បានកំណត់គោលដៅលើការដឹកជញ្ជូនពាណិជ្ជកម្មកាន់តែខ្លាំងឡើងនៅក្នុងសមុទ្រក្រហម និងឈូងសមុទ្រ Aden ដែលពួកគេអះអាងថាជាការសងសឹកចំពោះការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។
ជាការឆ្លើយតប សហរដ្ឋអាមេរិក និងអង់គ្លេស បានបើកការវាយប្រហារតាមអាកាស និងការវាយប្រហារដោយមីស៊ីល ទៅលើគោលដៅរបស់ក្រុមហ៊ូទី ក្នុងប្រទេសយេម៉ែន ដែលបានចាប់ផ្តើមកាលពីពាក់កណ្តាល ខែ មករា។