
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក កាលថ្ងៃចន្ទ (ទី១១ ខែមីនា) បាននិយាយថា ប្រទេសនេះប្រឈមនឹងការកើនឡើងនូវ «សណ្តាប់ធ្នាប់កាន់តែផុយស្រួយរបស់ពិភពលោក» ដែលត្រូវបានប៉ះពាល់ដោយការប្រជែងឥទ្ធិពលគ្នារបស់មហាអំណាច បញ្ហាប្រឈមឆ្លងប្រទេស និងជម្លោះក្នុងតំបន់ ដោយការលើកឡើងនេះមាននៅក្នុងរបាយការណ៍ដែលត្រូវបានចេញផ្សាយ ខណៈដែលប្រធានទីភ្នាក់ងារបានផ្តល់សក្ខីកម្ម នៅសភា។
ទីភ្នាក់ងារបានឲ្យដឹងរបាយការណ៍វាយតម្លៃការគំរាមកំហែងប្រចាំឆ្នាំ២០២៤ របស់ពួកគេថា៖ ប្រទេសចិនដែលមានមហិច្ឆតា តែមានការប្រយ័ត្នប្រយែង ហើយនិងការប្រឈមមុខជាមួយរុស្ស៊ី និងមហាអំណាចក្នុងតំបន់មួយចំនួន ដូចជាអ៊ីរ៉ង់ និងតួអង្គមិនមែនរដ្ឋដែលមានសមត្ថភាពជាច្រើនទៀត កំពុងក្លាយជាបញ្ហាប្រឈមមុខយូរអង្វែងនៃប្រព័ន្ធអន្តរជាតិ ក៏ដូចជាភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិកផងដែរ»។
របាយការណ៍នេះផ្តោតជាសំខាន់លើការគំរាមកំហែងពីប្រទេសចិន និងរុស្ស៊ី ដែលជាគូប្រជែងដ៏ធំបំផុតចំពោះសហរដ្ឋអាមេរិក ពោលគឺជាង ២ឆ្នាំបន្ទាប់ពីរុស្ស៊ីបានចាប់ផ្តើមលុកលុយអ៊ុយក្រែន ក៏ដូចជាការកត់សម្គាល់ពីហានិភ័យនៃជម្លោះកាន់តែធំឡើងៗ ទាក់ទងនឹងយុទ្ធនាការរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស នៅហ្កាហ្សា ចាប់តាំងពីមានការវាយប្រហារថ្ងៃទី៧ ខែតុលា។
នៅក្នុងសក្ខីកម្មរបស់លោកស្រីទៅកាន់គណៈកម្មាធិការស៊ើបការណ៍សម្ងាត់ព្រឹទ្ធសភា នាយកស៊ើបការណ៍ជាតិ លោកស្រី Avril Haines បានជំរុញឲ្យសមាជិកសភាអនុម័តជំនួយយោធាបន្ថែមទៀត សម្រាប់អ៊ុយក្រែន។ លោកស្រីបាននិយាយថា៖ «វាពិបាកក្នុងការស្រមៃមើលពីវិធីដែលអ៊ុយក្រែន អាចកាន់កាប់ទឹកដីដែលខ្លួនបានដណ្តើមមកវិញពីប្រទេសរុស្ស៊ីដោយគ្មានជំនួយបន្ថែមពីទីក្រុងវ៉ាស៊ីនតោននោះ»៕