
កាលពីថ្ងៃចន្ទម្សិលមិញ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Anwar Ibrahim នៅទីក្រុងប៊ែរឡាំង ។
នៅក្នុងសន្និសីទសារព័ត៌មានក្រោយជំនួប លោក Scholz បានអំពាវនាវសារជាថ្មីសុំជំនួយមនុស្សធម៌បន្ថែមទៀត សម្រាប់តំបន់ហ្កាហ្សា ដោយលោកបានមានប្រសាសន៍ថា ការពន្យាពេលបទឈប់បាញ់ គឺជាជំហានដ៏សំខាន់បំផុត ។
ដោយឡែក លោក Anwar និយាយថា ស្របពេលដែលម៉ាឡេស៊ី មានទំនាក់ទំនងជាមួយក្រុមហាម៉ាស់ គ្មានទេទំនាក់ទំនងជាមួយក្រុមប្រដាប់អាវុធមូស្លីម ដែលជាខ្សែបណ្តាញរបស់ក្រុមជីវពលហាម៉ាស់ ។
ដំណើរទស្សកិច្ចរបស់លោក Anwar ទៅកាន់ប្រទេសអាល្លឺម៉ង់ មានរយៈពេល ៦ថ្ងៃ មុនពេលជំនួបរបស់លោកជាមួយលោក Scholz ។ លោកបានជួបពិភាក្សាការងារផងដែរជាមួយប្រធានាធិបតីអាល្លឺម៉ង់លោក Frank-Walter Steinmeier ។
ខណៈពេលនោះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN) លោក Antonio Guterres បានអំពាវនាវឲ្យមានបទឈប់បាញ់នៅតំបន់ហ្កាហ្សា ដើម្បីរំឭកដល់ខែដ៏ពិសុទ្ធរ៉ាម៉ាដានរបស់មូស្លីម ដែលបានចាប់ផ្តើមនៅថ្ងៃចន្ទសប្ដាហ៍នេះ ។
លោក Guterres បានប្រាប់អ្នកសារព័ត៌មានថា ពិធីបុណ្យរ៉ាម៉ាដានប្រារព្ធឡើង បញ្ជាក់ពីការចង់បានសន្តិភាព ការផ្សះផ្សា និងសាមគ្គីភាព ។ ទោះបីជាពិធីបុណ្យរ៉ាម៉ាដានបានចាប់ផ្តើមក៏ដោយ ការសម្លាប់ ការទម្លាក់គ្រាប់បែក និងការបង្ហូរឈាមនៅតែបន្តនៅក្នុងហ្កាហ្សា ។
លោកនិយាយថាការអំពាវនាវដ៏ម៉ឺងម៉ាត់បំផុតរបស់ខ្ញុំនៅថ្ងៃនេះ គឺដើម្បីរំឭកដល់ពិធីបុណ្យរ៉ាម៉ាដានដោយការបញ្ឈប់ស្នូរអាវុធ និងសម្អាតរាល់ឧបសគ្គទាំងអស់ដើម្បីធានាបាននូវការផ្តល់ជំនួយសង្គ្រោះជីវិតឲ្យបានឆាប់បំផុត និងចំនួនដ៏ធំដែលត្រូវការ ។ នៅពេលនោះ លោកក៏បានអំពាវនាវឲ្យដោះលែងចំណាប់ខ្មាំងទាំងអស់ជាបន្ទាន់ផងដែរ ៕