ភ្នំពេញ៖ ក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ ធនាគារជាតិនៃកម្ពុជា សូមលើកទឹកចិត្តឱ្យសាធារណជនទាំងអស់ប្រើប្រាស់នូវការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក និងប្រើប្រាស់ក្រដាសប្រាក់រៀលប្រកប ដោយអនាម័យខ្ពស់។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការលើកកម្ពស់គុណតម្លៃប្រាក់រៀល របស់ធនាគារជាតិ នៃកម្ពុជា ចេញនៅថ្ងៃទី១៣ ខែកក្កដា។
ប្រភពដដែលក៏បានរម្លឹកឱ្យដឹងដែរថា កន្លងមក ដើម្បីបង្កើនការយល់ដឹង និងលើកកម្ពស់គុណតម្លៃ របស់ប្រាក់រៀល ធនាគារជាតិ នៃកម្ពុជា ក៏បានផ្សព្វផ្សាយអំពីរបៀបនៃការទុកដាក់ និងប្រើប្រាស់ ប្រាក់រៀលឱ្យបានត្រឹមត្រូវ និងប្រកបដោយអនាម័យផងដែរ។
ប្រភពដដែលបញ្ជាក់បន្ថែមថា ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ធនាគារជាតិ នៃកម្ពុជា និងភាគីពាក់ព័ន្ធទាំងអស់ ប្រាក់រៀលត្រូវបានបង្កើនតួនាទីជាលំដាប់នៅក្នុងសេដ្ឋកិច្ច និងសង្គម ប្រកប ដោយនិរន្តរភាព និងជំនឿទុកចិត្ត ដែលបម្រើផលប្រយោជន៍ដល់ប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ និង សេដ្ឋកិច្ចជាតិទាំងមូល៕ អត្ថបទ៖ គង់ ឌិន

