
កាលពីថ្ងៃចន្ទម្សិលមិញ ប្រមុខអង្គការណាតូលោក Jens Stoltenberg បានបញ្ជាក់យ៉ាងច្បាស់ថា លោកពុំឯកភាពឡើយនឹងសេចក្តិអត្ថាធិប្បាយរបស់សម្តេចប៉ាប Francis ដែលថា អ៊ុយក្រែនគួរតែមានសេចក្តីក្លាហានលើកទង់ស. ហើយនិងចរចាបញ្ចប់សង្រ្គាមបង្កឡើងដោយសារការវាយលុករបស់រុស្ស៊ី ។
សួរពាក់ព័ន្ធនឹងសេចក្តីអត្ថាធិប្បាយរបស់សម្តេចប៉ាប Francis អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងរូបនេះ បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា បើសិនជាពួកយើងចង់បានដំណោះស្រាយចរចាដោយសន្តិវិធី មធ្យោបាយដែលអាចទៅដល់ចំណុចគោលដៅនេះ មានតែផ្តល់ការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែនប៉ុណ្ណោះ ។
នៅក្នុងបទសម្ភាសន៍ជាទីភ្នាក់ងារព័ត៌មានរ៉យទ័រ លោក Stoltenberg បានដកខ្លួនផងដែរពីការប្រកាសរបស់ប្រធានាធិបតីបារាំងលោក Emmanuel Macron ថា សម្ព័ន្ធមិត្តលោកខាងលិច មិនគួរច្រានចោលការដាក់ពង្រាយទាហានរបស់ពួកគេទៅកាន់អ៊ុយក្រែននោះឡើយ ។
លោក Stoltenberg និយាយថា បើទោះបីជាប្រទេសមួយរបស់សម្ព័ន្ធណាតូ បញ្ជូនទាហានរបស់ពួកគេទៅកាន់អ៊ុយក្រែន វានឹងធ្វើឲ្យប៉ះពាល់ដល់សម្ព័ន្ធមិត្តទាំងមូល ស្របពេលដែលសមាជិករបស់ពួកគេចងជើងដោយកតិកាសញ្ញាការពារជាតិសមូហភាព ។
លោក Stoltenberg បាននិយាយផងដែរថា ការចូលជាសមាជិករបស់ប្រទេសស៊ុយអែត ទៅក្នុងសម្ព័ន្ធយោធាដឹកនាំដោយសហរដ្ឋអាមេរិកមួយនេះ បានបង្ហាញថាប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បរាជ័យនៅយុទ្ធសាស្ត្រ សង្គ្រាមអ៊ុយក្រែន ក្នុងការព្យាយាមធ្វើឲ្យប្រទេសនេះចុះខ្សោយ ។
លោកបន្តថា ការឈ្លានពានរបស់វិមានក្រឹមឡាំង មិនត្រឹមតែបានជំរុញឲ្យបណ្ដាប្រទេសដែលពីមុនមិនចូលបក្សសម្ព័ន្ធ ដូចជាស៊ុយអែត និងហ្វាំងឡង់ ឲ្យស្ថិតនៅក្រោមឆ័ត្រការពារជាតិរបស់ណាតូប៉ុណ្ណោះទេ ប៉ុន្តែឥឡូវនេះ អ៊ុយក្រែនផ្ទាល់ក៏កាន់តែខិតជិតសមាជិកភាពណាតូជាងពេលមុនៗដែរ ៕