
ក្រសួងការបរទេសសហរដ្ឋអាមេរិក និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកAntony Blinken បានដំណើរទៅដល់ប្រទេសចាម៉ៃកាកាលពីថ្ងៃចន្ទ ដើម្បីចូលរួមកិច្ចប្រជុំក្នុងតំបន់សហគមន៍ការ៉ាអ៊ីប(CARICOM) ស្តីពីវិបត្តិហៃទី ជាទីដែលដួលរលំសន្តិសុខ ហើយវិបត្តិមនុស្សធម៌នៅក្នុងប្រទេសមួយនេះ ត្រូវបានលាតត្រដាង ។
លោក Blinken បានចាកចេញពីទីក្រុងវ៉ាស៊ីងតោនកាលពីព្រឹកថ្ងៃចន្ទ ក្នុងដំណើរទស្សនិច្ចដែលត្រូវបានរៀបចំឡើងភ្លាមៗ ស្របពេលដែលក្រុមឧក្រិដ្ឋជន បានគំរាមផ្តួលរំលំរដ្ឋាភិបាលហៃទី ។
កាលពីថ្ងៃអាទិត្យកន្លងទៅ យោធាសហរដ្ឋអាមេរិក បានដឹកជញ្ជូនតាមអាកាសនូវបុគ្គលិកពុំចាំបាច់ និងបានបង្កើនការរឹតបន្តឹងសន្តិសុខនៅស្ថានទូតរបស់ខ្លួន ក្នុងទីក្រុង Port-au-Prince ។
ក្រសួងការបរទេសសហរដ្ឋអាមេរិក បន្តថា លោក Blinken នឹងពិភាក្សាលើសំណើរដាក់ជូនដោយ CARICOM និងក្រុមមន្រ្តីហៃទី ដើម្បីពន្លឿនការផ្លាស់ប្តូរនយោបាយនៅក្នុងប្រទេសហៃទី តាមរយៈការបង្កើតការិយាល័យប្រធានាធិបតីឯករាជ្យ ដែលមានមូលដ្ឋានទូលំទូលាយ ។
លោក Blinken នឹងពិភាក្សាផងដែរលើការបង្កើតបេសកកម្មសន្តិសុខពហុជាតិ ដើម្បីស្តាឡើងវិញសណ្តាប់ធ្នាប់នៅក្នុងប្រទេសហៃទី ដែលគ្រោងនឹងដឹកនាំដោយប្រទេសកេនយ៉ា ។
លោក Blinken បាននិយាយថា សហរដ្ឋអាមេរិក នឹងផ្តល់វិភាគទានបន្ថែមចំនួន ១០០ លានដុល្លារដល់កងកម្លាំងសន្តិសុខពហុជាតិដែលគាំទ្រដោយអង្គការសហប្រជាជាតិ ដែលមានបំណងជួយនគរបាលហៃទី ប្រយុទ្ធប្រឆាំងនឹងក្រុមជនអន្ធពាល និងជំនួយមនុស្សធម៌ចំនួន ៣៣ លានដុល្លារ ស្របពេលដែលស្ថានភាពសន្តិសុខក្នុងប្រទេសនេះកាន់តែយ៉ាប់យ៉ឺនខ្លាំង ។
ការប្តេជ្ញាចិត្តនេះនាំមកនូវការរួមចំណែករបស់សហរដ្ឋអាមេរិក ដែលបានស្នើឡើងដល់ចំនួន ៣០០ លានដុល្លារ ប៉ុន្តែជាគេមិនច្បាស់ថាត្រូវការរយៈពេលយូរប៉ុន្មាន ដើម្បីឲ្យមូលនិធិនេះត្រូវបានអនុម័តដោយសមាជិកសភា ៕