
បន្ទាប់ពីរលកនៃការវាយប្រហាររបស់អ៊ុយក្រែនបណ្តាលឲ្យខូចខាតរោងចក្រចម្រាញ់ប្រេងកាតដ៏ធំមួយរបស់រុស្ស៊ី វិមានក្រឹមឡាំងនិយាយថា យោធារុស្ស៊ី នឹងធ្វើរឿងចាំបាច់ទាំងអស់ ដើម្បីរារាំងការវាយប្រហារដោយយានដ្រូន និងមីស៊ីលរបស់អ៊ុយក្រែនលើទឹកដីរបស់ខ្លួន ហើយពួកយើងនៅតែបន្តប្រុងជើងការរហូត។
នៅថ្ងៃអង្គារនេះ អ៊ុយក្រែន បានបើកការវាយប្រហារមកលើគោលដៅជាច្រើននៅទូទាំងប្រទេសរុស្ស៊ី ជាមួយនឹងយានដ្រូនយ៉ាងហោច ២៥គ្រឿង និងមីស៊ីល ៩គ្រឿង ហើយអភិបាលតំបន់ Nizhny Novgorod និយាយថា សេវាកម្មសង្រ្គោះបន្ទាន់ កំពុងព្យាយាមពន្លត់អគ្គិភ័យនៅរោងចក្រចម្រាញ់ប្រេងកាតដ៏ធំ NORSI នៅទីនោះ។
ក្រសួងការពារជាតិរុស្ស៊ី និយាយថា កងកម្លាំងរបស់ខ្លួន បានបាញ់ទម្លាក់យានដ្រូនអ៊ុយក្រែនចំនួន ២៥គ្រឿង លើតំបន់ចំនួន ៧ផ្សេងៗពីគ្នា ។
ខណៈពេលនោះដែរ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyyបាននិយាយថា ស្ថានភាពសម្រាប់កងទ័ពអ៊ុយក្រែនកំពុងមានភាពប្រសើរឡើង ដោយបានបញ្ឈប់ការរុលទៅមុខរបស់រុស្ស៊ី នៅសមរភូមិជួរមុខ ខណៈដែលទីក្រុងគីវ បានច្រានចោលបន្ទូលរបស់សម្តេចប៉ាប Francis ដែលថាឲ្យអ៊ុយក្រែនលើកទង់ស ចរចាជាមួយទីក្រុងម៉ូស្គូ ។
រយៈពេលជាង ២ឆ្នាំចាប់តាំងពីរុស្ស៊ី ចាប់ផ្តើមការលុកលុយរបស់ខ្លួនមក ទីក្រុងគីវ បានប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងលើជួរមុខក្នុងប៉ុន្មានខែថ្មីៗនេះ ដោយបានបាត់បង់ការទប់ទល់មួយចំនួនជាមួយទីក្រុងម៉ូស្គូ ស្របពេលដែលជំនួយត្រូវជាប់គាំង ពីលោកខាងលិចនិងពីសម្ព័ន្ធមិត្តដ៏ធំបំផុតរបស់ខ្លួនគឺទីក្រុងវ៉ាស៊ីនតោន៕