
ក្រសួងកាបរទេសកូរ៉េខាងត្បូង បានបញ្ជាក់នៅថ្ងៃអង្គារនេះថា ពលរដ្ឋរបស់ខ្លួន ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសរុស្ស៊ី ហើយស្ថានកុងស៊ុលរបស់ខ្លួន បាននិងកំពុងជួយជ្រោងជ្រែងឲ្យបានវិលត្រឡប់មកកាន់ប្រទេសវិញដោយមិនបានផ្ដល់នូវសេចក្ដីលំអិតបន្ថែមអ្វីឡើយ។
អ្នកនាំពាក្យក្រសួងកាបរទេសកូរ៉េខាងត្បូង លោកលីម ស៊ូ ស៊ុក(Lim Soo-suk)បានប្រាប់អ្នកសារព័ត៌មាននៅឯសន្និសីទសារព័ត៌មានខ្លីថា រដ្ឋាភិបាលសង្ឃឹមថា ពលរដ្ឋរបស់ខ្លួននឹងវិលត្រឡប់ទៅជួបជុំ គ្រួសារវិញដោយសុវត្ថិភាពឆាប់ៗនេះ ហើយយើងចាំបាច់ត្រូវតែទាក់ទងជាមួយភាគីរុស្ស៊ី។
នៅមុននេះមួយថ្ងៃ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី តាស់(TASS) បានរាយការណ៍ថា បុរសម្នាក់ ឈ្មោះ បេក វុនស៊ូន (Baek Won-soon) ត្រូវបានគេដឹកពីក្រុងវ៉្លាឌីវ៉ូស្ដុក ទៅក្រុងម៉ូស្គូ ហើយត្រូវទទួលការចោទប្រកាន់ពីបទផ្ដល់ពត៌មានដែលមានការរៀបចំទៅអោយទីភ្នាក់ងាចារកម្មបរទេស។
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង បានរាយការណ៍នៅថ្ងៃអង្គារនេះថា ពលរដ្ឋដែលចាប់ខ្លួននោះ គឺជាអ្នកផ្សព្វផ្សាយ សាសនា ដែលគាំទ្រពលករកូរ៉េខាងជើងដែលមានមូលដ្ឋាននៅតំបន់ចុងបូព៌ារបស់រុស្ស៊ី៕