
មេដឹកនាំសហភាពអឺរ៉ុប (EU) បានត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបប្រឆាំងនឹងអ៊ីរ៉ង់ ជាមួយនឹងវិធានការថ្មី និងសំខាន់ ក្នុងពេលមានរបាយការណ៍ថា ទីក្រុងតេអេរ៉ង់អាចនឹងបញ្ជូនមីស៊ីលបាលីស្ទិកទៅឲ្យរុស្ស៊ី ដើម្បីយកទៅប្រើប្រាស់ប្រឆាំងអ៊ុយក្រែន។ នេះបើយោងតាមសេចក្តីសម្រេចព្រាងសម្រាប់កិច្ចប្រជុំកំពូលដែលនឹងធ្វើឡើងនៅសប្តាហ៍ក្រោយ។
អត្ថបទព្រាងដែលសារព័ត៌មាន Reuters បានឃើញ បានលើកឡើងថា៖ «ក្រុមប្រឹក្សាអឺរ៉ុបអំពាវនាវឲ្យភាគីទី៣ បញ្ឈប់ជាបន្ទាន់នូវការផ្តល់ជំនួយជាសម្ភារៈដល់សង្រ្គាមលុកលុយរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន»។
ប្រភពចំនួន៦ បានប្រាប់សារព័ត៌មាន Reuters ថា អ៊ីរ៉ង់បានផ្តល់ឲ្យរុស្ស៊ីនូវនូវមីស៊ីលបាលីស្ទិកបាញ់ពីដីដ៏មានអានុភាពមួយចំនួនធំ ដោយនេះគឺដើម្បីធ្វើឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការយោធា រវាងប្រទេសទាំង២ ដែលសុទ្ធតែកំពុងស្ថិតក្រោមទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដូចគ្នា៕