
យន្តហោះចម្បាំងផលិតក្នុងស្រុករបស់កងទ័ពអាកាសឥណ្ឌា នៅថ្ងៃអង្គារ (ទី១២ ខែមីនា) បានធ្លាក់នៅភាគខាងលិចនៃរដ្ឋ Rajasthan ដែលការធ្លាក់នេះ គឺជាឧបទ្ទវហេតុលើកដំបូង គិតចាប់តាំងពីយន្តហោះនេះត្រូវបានដាក់ចេញឲ្យប្រើប្រាស់កាលពីជិត ៨ឆ្នាំមុន។
បន្ទាប់ពីមានឧបទ្ទវហេតុនេះ កងទ័ពអាកាសបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកបើកយន្តហោះបានលោតចេញដោយសុវត្ថិភាព។ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីលោក Narendra Modi បាន និងកំពុងជំរុញឲ្យមានការផលិតក្នុងស្រុក ខណៈដែលប្រទេសឥណ្ឌាព្យាយាមបន្ថយកេរ្តិ៍ឈ្មោះរបស់ខ្លួន ក្នុងនាមជាអ្នកនាំចូលយុទ្ធោបរណ៍ការពារជាតិដ៏ធំបំផុតមួយរបស់ពិភពលោក។
យន្តហោះចម្បាំងធុនស្រាល ដែលមានឈ្មោះថា Tejas ដែលមានន័យថា អណ្តាតភ្លើង ឬភាពវៃឆ្លាត ជាភាសាសំស្រ្កឹត ត្រូវបានដាក់ឲ្យប្រើប្រាស់នៅក្នុងឆ្នាំ២០១៦ បន្ទាប់ពីមានការរង់ចាំដ៏យូរនៅក្នុងកិច្ចប្រឹងប្រែងរបស់ឥណ្ឌា ដើម្បីធ្វើទំនើបកម្មកងនាវាដែលភាគច្រើនមានតាំងពីសម័យសូវៀត។
មន្ត្រីកងទ័ពអាកាសបានប្រាប់សារព័ត៌មាន Reuters ថា ការធ្លាក់នៅថ្ងៃអង្គារនេះ បានបំបែកកំណត់ត្រាសុវត្ថិភាពរបស់យន្តហោះនេះ គិតចាប់តាំងពីមានការហោះហើរសាកល្បងលើកដំបូងកាលពីជាង ២ទសវត្សរ៍កន្លងទៅនេះ៕