ចិន រិះគន់ និងប្រឆាំងយ៉ាងដាច់អហង្ការចំពោះការព្យាយាមស្វែងរកសំណើកញ្ចប់ថវិការបស់រដ្ឋបាលនេះក្នុងទំហំទឹកប្រាក់១០០លានដុល្លារអាមេរិក ដើម្បីជួយកោះតៃវ៉ាន់ពង្រឹងការការពារការឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ជាលើកដំបូងដែលសេតវិមានបានធ្វើសំណើជាក់លាក់បែបនេះ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកវ៉ាង វិនប៊ិន (Wang Wenbin) បាននិយាយកាលពីថ្ងៃអង្គារនៅសន្និសីទសារព័ត៌មានប្រចាំថ្ងៃក្នុងទីក្រុងប៉េកាំងថា ប្រទេសចិន ជំទាស់យ៉ាងម៉ឺងម៉ាត់ ចំពោះទំនាក់ទំនងយោធារវាងសហរដ្ឋអាមេរិក និងតំបន់តៃវ៉ាន់ និងការផ្ដល់អាវុធរបស់អាមេរិកឲ្យកោះតៃវ៉ាន់ និងជំរុញឲ្យអាមេរិក បញ្ឈប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។

លោកវ៉ាង បានបន្ថែមថា ប្រសិនបើសហរដ្ឋអាមេរិក បន្តធ្វើបាបចិន នោះបានត្រឹមតែឈឺចាប់ខ្លួនឯងប៉ុណ្ណោះ ហើយការប្រកួតប្រជែងនេះ មិនមែនជាការឆ្លុះបញ្ចាំងពីទំនាក់ទំនងរវាងចិន និងអាមេរិកទេ។

យោងតាមឯកសារថវិកាដែលបានផ្សព្វផ្សាយនៅក្នុងទីក្រុងវ៉ាស៊ីនកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានឲ្យដឹងថា ក្នុងសំណើសុំថវិកាដាច់ដោយឡែកមួយផ្សេងទៀត ក្រសួងការពារជាតិអាមេរិក បានស្នើសុំទឹកប្រាក់៥០០លានដុល្លារអាមេរិក ក្រោមគំនិតផ្ដួចផ្ដើមធានាការពាររបស់អាមេរិកនៅប៉ាស៊ីហ្វិក ដើម្បីបន្ថែមអាវុធ ដែលនឹងជួយកោះតៃវ៉ាន់ស្វ័យគ្រប់គ្រងនេះ ដើម្បីជួយដោះស្រាយការបំពារបំពានណាមួយ នៅក្នុងតំបន់៕