កម្មវិធីស្បៀងអាហារពិភពលោក (WFP) បាននិយាយកាលពីថ្ងៃអង្គារ (១២ មីនា) ថាជំនួយស្បៀងអាហារសម្រាប់ជនភៀសខ្លួនស៊ូដង់ រាប់សែននាក់នៅក្នុងប្រទេសឆាដ ដែលអ្នកខ្លះជិតកំពុងឈានដល់ភាពអត់ឃ្លាន អាចនឹងត្រូវផ្អាកនៅខែក្រោយ បើមិនមានមូលនិធិបន្ថែមទៀត។

ចាប់តាំងពីជម្លោះបានផ្ទុះឡើងនៅក្នុងប្រទេសស៊ូដង់ជិតមួយឆ្នាំមុនមក ជនភៀសខ្លួនស៊ូដង់ជាងកន្លះលាននាក់បានភៀសខ្លួនទៅកាន់ប្រទេសឆាដ ឆ្លងកាត់ព្រំដែនវាលខ្សាច់ដ៏វែង ហើយប្រទេសនេះឥឡូវនេះគឺជាចំណុចប្រសព្វមួយសម្រាប់ជនភៀសខ្លួននៅអាហ្វ្រិក ដែលមានចំនួនសរុបជាង ១ លាននាក់។

ប៉ុន្តែទីភ្នាក់ងារ WFP និយាយថា ខ្លួនកំពុងជួបការលំបាកក្នុងការចិញ្ចឹមអ្នកទាំងអស់នោះ ហើយមនុស្សជាច្រើនមិនទទួលបានអាហាររួចទៅហើយ ដោយស្ទើរតែពាក់កណ្តាលនៃកុមារភៀសខ្លួនរបស់ស៊ូដង់ ដែលមានអាយុក្រោម ៥ ឆ្នាំ កំពុងទទួលរងនូវភាពស្លេកស្លាំងធ្ងន់ធ្ងរ។ WFP បន្ថែមថា ផ្លូវផ្គត់ផ្គង់ពីប្រទេសឆាដ ទៅកាន់ទីក្រុង ដាហ្វឺ (Darfur) នៃប្រទេសស៊ូដង់ ដែលភាពអត់ឃ្លានកាន់តែអាក្រក់ទៅៗ ក៏មានហានិភ័យផងដែរ ដោយសារតែកង្វះថវិកា។
ពេលមានធនធានកាន់តែច្រើន ទីភ្នាក់ងារ WFP នឹងអាចមានលទ្ធភាពស្តុកស្បៀងអាហារនៅមុនរដូវវស្សា ជាពេលវេលាដែលជនភៀសខ្លួនមួយចំនួននៅក្នុងប្រទេសឆាដ ត្រូវបានកាត់ផ្តាច់ពីការផ្គត់ផ្គង់ដោយទន្លេភក់។ ទីភ្នាក់ងារនេះកំពុងអំពាវនាវជាបន្ទាន់នូវទឹកប្រាក់ចំនួន ២៤២ លានដុល្លារ ដើម្បីធានាបាននូវការគាំទ្រសម្រាប់រយៈពេលប្រាំមួយខែបន្ទាប់៕