សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលនឹងខិតខំពង្រឹង និង ពង្រីកវិស័យសុខាភិបាលជូនដល់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែងទាំងអស់ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀតទាំងសមត្ថភាព និងសម្ភារៈពេទ្យ ខណៈនៅតាមមណ្ឌលសុខភាពទាំងអស់គ្រូពេទ្យត្រូវតែប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីត្រៀមចាំបម្រើសេវាសុខភាពជូនដល់បងប្អូនប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ។
ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យតេជោសែនកោះធំ ស្ថិតនៅស្រុកកោះធំ ខេត្តកណ្តាល នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថា រាជរដ្ឋាភិបាលនឹងបង្កើនសមត្ថភាពគ្រូពេទ្យដល់មូលដ្ឋានទាំងអស់ ពោលគឺឲ្យស្របទៅតាមគោលនយោបាយអាទិភាពចំនួនបីចំណុចរបស់រាជរដ្ឋាភិបាល លើការពង្រឹងវិស័យសុខាភិបាលដោយក្នុងនោះទី១.ត្រូវពង្រឹងមូលដ្ឋានគ្រឹះមន្ទីរពេទ្យ ដែលរួមមានដូចជា មន្ទីរពេទ្យបង្អែក, មន្ទីរពេទ្យស្រុក និងមណ្ឌលសុខភាព។ទី២.ត្រូវពង្រឹង និងបង្កើនសមត្ថភាពគ្រូពេទ្យគ្រប់ថ្នាក់ ជាពិសេសផ្តោតទៅលើគ្រូពេទ្យ នៅតាមបណ្ដាខេត្ត។ និងទី ៣.ត្រូវបង្កើនភាពជាដៃគូជាមួយវិស័យឯកជន និងរដ្ឋ ជាដើម។
យ៉ាងណាក៏ដោយសម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានអំពាវនាវដល់ក្រុមគ្រូពេទ្យទាំងអស់ត្រូវតែ គោរពទៅតាមនិយាម និងក្រមសីលធម៌របស់ខ្លួនឲ្យបានខ្ជាប់ខ្ជួនបន្ថែមទៀត ក្នុងការបម្រើ ថែរក្សា ការពារ សុខភាពរបស់បងប្អូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ ខណៈរាជរដ្ឋាភិបាលនឹងខិតំខំបំពាក់នូវសម្ភារៈ និង ថ្នាំសង្កូវដល់គ្រប់មន្ទីរពេទ្យបង្អែកឲ្យកាន់តែទំនើប និងកាន់តែច្រើនបន្ថែមទៀតស្របទៅតាមតម្រូវការ របស់បងប្អូនប្រជាពលរដ្ឋនោះ៕
អត្ថបទបាន ចក់




