ដោយកំពុងលើកទង់ និងបដាទាមទារ ប្រជាពលរដ្ឋហ្ស៊កដានី រាប់រយនាក់បានចេញតវ៉ាកាលពីថ្ងៃអង្គារទី១២មីនា ឲ្យបិទស្ថានទូតអ៊ីស្រាអែល នៅក្នុងរដ្ឋធានៅអាម៉ង់(Amman)។

ខណៈកំពុងស្រែកពាក្យស្លោកគាំទ្រប៉ាឡេស្ទីន ក្រុមអ្នកតវ៉ា បានទាមទារឲ្យផ្ដល់ជំនួយជាបន្ទាន់សម្រាប់ពលរដ្ឋប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សាស្ទី្រប នៅថ្ងៃដំបូងនៃពិធីបុណ្យតមអាហារខែពិសិដ្ឋមូស្លីមរ៉ាម៉ាដាន(Ramadan)។

ប្រទេសហ្ស៊កដានីដែលស្ថិតនៅកណ្ដាលនៃជម្លោះរវាងអារ៉ាប់ និងអ៊ីស្រាអែល បានទទួលជនភៀសខ្លួនប៉ាឡេស្ទីនចំនួន២,៤លាននាក់ ជាចំនួនច្រើនបំផុតនៃជនភៀសខ្លួនក្នុងចំណោមប្រទេសជិតខាងនានារបស់អ៊ីស្រាអែល ។ ភាគច្រើននៃពលរដ្ឋរបស់ខ្លួនមានដើមកំណើតចេញពីជនជាតិប៉ាឡេស្ទីន។

ក្រសួងសុខាភិបាលរបស់តំបន់ហ្កាហ្សា បាននិយាយកាលពីថ្ងៃអង្គារថា ពលរដ្ឋប៉ាឡេស្ទីនយ៉ាងហោចណាស់៣១.១៨៤នាក់ បានស្លាប់ ក្នុងការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែល ក្រោយក្រុមហាម៉ាស ឆ្លងព្រំដែនចូលសម្លាប់រង្គាលលើជនស៊ីវិលអ៊ីស្រាអែលចំនួន១.២០០នាក់កាលពីថ្ងៃទី៧ខែតុលា៕