នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយកាលពីថ្ងៃអង្គារ (១២ មីនា) ថាអ៊ីស្រាអែល នឹងបន្តទៅមុខជាមួយនឹងយុទ្ធនាការយោធារបស់ខ្លួនចូលទៅក្នុងទីក្រុង រ៉ាហ្វា (Rafah) ភាគខាងត្បូងតំបន់ហ្កាហ្សាស្រ្ទីប ស្របពេលមានកំណើនសម្ពាធពីអន្តរជាតិកាន់តែខ្លាំង។

បណ្ដាប្រទេសជាច្រើនបានចូលរួមក្នុងការអំពាវនាវឱ្យអ៊ីស្រាអែល មិនវាយលុកជើងគោកលើក្រុង រ៉ាហ្វា ដែលជាតំបន់សុវត្ថិភាពចុងក្រោយបំផុតមួយ ដែលមានមនុស្ស ១,៥ លាននាក់កំពុងស្វែងរកទីជម្រកនៅទីនោះ។
លោក ណេតាន់យ៉ាហ៊ូ បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូទៅកាន់សន្និសីទមួយថា «យើងនឹងបញ្ចប់ការងារនៅក្រុង រ៉ាហ្វា ខណៈពេលដែលអាចឱ្យប្រជាជនស៊ីវិលរួចផុតពីគ្រោះថ្នាក់»។

ការអត្ថាធិប្បាយរបស់លោក ណេតាន់យ៉ាហ៊ូ នេះបានកើតឡើងនៅពេលដែលបណ្ដាមេដឹកនាំសហភាពអឺរ៉ុប មានគម្រោងជំរុញអ៊ីស្រាអែល កុំឱ្យចាប់ផ្តើមប្រតិបត្តិការជើងគោកនៅរ៉ាហ្វា នេះបើយោងតាមពង្រាងសេចក្តីសន្និដ្ឋាននៃកិច្ចប្រជុំកំពូលមួយ។ អត្ថបទពង្រាងនេះនឹងតម្រូវឱ្យមានការយល់ព្រមពីមេដឹកនាំជាតិទាំង ២៧ របស់សហភាពអឺរ៉ុប ដែលនឹងត្រូវអនុម័តនៅក្នុងកិច្ចប្រជុំកំពូលនៅថ្ងៃទី២១ និងទី២២ ខែមីនា ខាងមុខ។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បាននិយាយកាលពីថ្ងៃសៅរ៍ថា លោក ណេតាន់យ៉ាហ៊ូ កំពុង «ធ្វើបាប ជាជាងជួយអ៊ីស្រាអែល» ដោយការធ្វើសង្រ្គាមតាមរបៀបដែលផ្ទុយនឹងតម្លៃរបស់ប្រទេស៕