សេតវិមានកាលពីថ្ងៃអង្គារ (១២ មីនា) បានជំរុញឱ្យក្រុមសកម្មប្រយុទ្ធហាម៉ាស នៅតំបន់ហ្កាហ្សា ដោះលែងចំណាប់ថ្នូរដែលជាស្ត្រី មនុស្សចាស់ជរា និងអ្នកមានរបួស ហើយទទួលយកបទឈប់បាញ់បណ្តោះអាសន្នមួយក្នុងការប្រយុទ្ធជាមួយអ៊ីស្រាអែល ដើម្បីទទួលបានភាពយូរអង្វែងជាងមុន។

ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) បានប្រាប់ក្រុមអ្នកយកព័ត៌មានថា «បទឈប់បាញ់រយៈពេលប្រាំមួយសប្តាហ៍ត្រូវបានបង្កើតឡើងនៅក្នុងភាពយូរអង្វែងជាងមុន ប្រសិនបើក្រុមហាម៉ាស យល់ព្រមដោះលែងស្ត្រី អ្នករងរបួស និងមនុស្សចាស់»។

អ៊ីស្រាអែលបានទទួលយកលក្ខខណ្ឌនៃបទឈប់បាញ់រយៈពេលប្រាំមួយសប្តាហ៍នេះជាថ្នូរនឹងការដោះលែងចំណាប់ថ្នូរមួយចំនួនដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស ចាប់តាំងពីការវាយលុកនៅថ្ងៃទី០៧ ខែតុលា របស់ខ្លួនទៅលើភាគខាងត្បូងអ៊ីស្រាអែល ដែលមនុស្ស ១.២០០ នាក់ត្រូវបានសម្លាប់។
ក្រុមហាម៉ាស និយាយថាខ្លួននឹងទទួលយកតែកិច្ចព្រមព្រៀងណាមួយ ដែលផ្អែកលើបទឈប់បាញ់អចិន្ត្រៃយ៍ដើម្បីបញ្ចប់សង្គ្រាម និងរួមបញ្ចូលការដកទ័ពអ៊ីស្រាអែលចេញពីតំបន់ហ្កាហ្សា ជាជាងបទឈប់បាញ់បណ្តោះអាសន្នផ្សេងទៀត។ នៅក្រោមសំណើថ្មីបំផុត អ៊ីស្រាអែល នឹងដោះលែងអ្នកទោសប៉ាឡេស្ទីនក្នុងសមាមាត្រ ១០ នាក់ដូរចំណាប់ថ្នូរម្នាក់៕