ប្រភពចំនួនបួនដែលជិតស្និទ្ធនឹងអាជ្ញាធរបាននិយាយថា ឥស្សរជនរបស់រុស្ស៊ី កំពុងរំពឹងថាលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នឹងរុះរើមុខតំណែងរដ្ឋាភិបាលដើម្បីនាំយកមនុស្សវ័យក្មេងមកធ្វើការ បន្ទាប់ពីអ្វីដែលគេមើលឃើញថាជាទម្រង់នៃជ័យជម្នះក្នុងការបោះឆ្នោតដ៏ខ្លាំងក្លារបស់លោកនៅចុងសប្តាហ៍នេះ។

ដោយគ្រប់គ្រងលើគ្រប់រដ្ឋទាំងអស់ និងគ្មានគូប្រជែងនយោបាយពិតប្រាកដ លោក ពូទីន ដែលកាន់អំណាចជាប្រធានាធិបតី ឬនាយករដ្ឋមន្ត្រីចាប់តាំងពីថ្ងៃចុងក្រោយនៃឆ្នាំ១៩៩៩ មក ត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថានឹងឈ្នះតំណែងប្រធានាធិបតីលើកទី៥ របស់ខ្លួន និងកាន់អំណាចរយៈពេល ៦ ឆ្នាំទៀត។

ប្រភពទាំងបួននេះបាននិយាយថា ពួកគេរំពឹងថាមនុស្សវ័យក្មេងនឹងត្រូវបាននាំយកទៅក្នុងមុខតំណែងជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលបន្ថែមទៀត រួមទាំងអាចជាអនុរដ្ឋមន្ត្រី និងជាប្រធាននាយកដ្ឋាន ហើយសម្រាប់មន្ត្រីរដ្ឋាភិបាលជំនាន់ចាស់ នឹងត្រូវទម្លាក់ ឬចូលនិវត្តន៍ក្រោយការបោះឆ្នោត។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលបានចាប់ផ្តើមការលុកលុយពេញប្រទេសអ៊ុយក្រែនកាលពីពីរឆ្នាំមុន គ្រោងនឹងឈ្នះអាណត្តិថ្មីរយៈពេលប្រាំមួយឆ្នាំទៀតនៅក្នុងការបោះឆ្នោតថ្ងៃទី១៥ ដល់១៧ ខែមីនា។ ប្រសិនបើជាប់ឆ្នោតជាថ្មីនៅថ្ងៃអាទិត្យនេះ និងជាប់ម្តងទៀតក្នុងឆ្នាំ២០៣០ លោក ពូទីន វ័យ ៧១ ឆ្នាំ នឹងបន្តកាន់អំណាចរហូតដល់ឆ្នាំ២០៣៦៕