អង្គការសហប្រជាជាតិ បានប្រើប្រាស់ផ្លូវគោកថ្មីកាលពីថ្ងៃអង្គារ ដើម្បីចែកចាយស្បៀងអាហារទៅកាន់ តំបន់ហ្កាហ្សាភាគខាងជើងជាលើកដំបូង ក្នុងរយៈពេល៣សប្តាហ៍ ខណៈដែលសម្ពាធពិភពលោក កើនឡើងលើប្រទេសអ៊ីស្រាអែល ដើម្បីអនុញ្ញាតឲ្យចូលទៅកាន់តំបន់ឆ្នេរបន្ថែមទៀត ចំពេលមានទុរ្ភិក្ស កំពុងកើតឡើង។

លោក Jamie McGoldrick អ្នកសម្របសម្រួលជំនួយរបស់អង្គការសហប្រជាជាតិសម្រាប់ដែនដីប៉ាឡេស្ទីនដែលគ្រប់គ្រងដោយអ៊ីស្រាអែល បានប្រាប់សារព័ត៌មានរ៉យទ័រថា ក្បួនរថយន្តរបស់កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានប្រើប្រាស់ផ្លូវយោធាអ៊ីស្រាអែល ដែលរត់តាមរបងព្រំដែនហ្កាហ្សា ដើម្បីទៅដល់ភាគខាងជើងនៃដែនដីនេះ។

អ្នកនាំពាក្យអង្គការស្បៀងអាហារពិភពលោក (WFP) លោក Shaza Moghraby បាននិយាយថា អាហារគ្រប់គ្រាន់សម្រាប់មនុស្ស ២៥.000នាក់ ត្រូវបានបញ្ជូនទៅទីក្រុងហ្កាហ្សា កាលពីព្រឹកថ្ងៃអង្គារ។ នេះគឺជាការដឹកជញ្ជូនលើកដំបូងរបស់ WFP ទៅកាន់ភាគខាងជើង ចាប់តាំងពីថ្ងៃទី២០ខែកុម្ភៈ ហើយ បង្ហាញថា ការដឹកជញ្ជូនស្បៀងអាហារតាមផ្លូវគោក គឺអាចធ្វើទៅបាន។
លោក Moghraby បានបន្ថែមទៀតថា៖«យើងសង្ឃឹមថា នឹងពង្រីក យើងត្រូវការលទ្ធភាពចូលឲ្យបានទៀងទាត់ និងមានសុវត្ថភាព ជាពិសេសជាមួយប្រជាជននៅតំបន់ហ្កាហ្សាភាគខាងជើង ដែលស្ថិតក្នុងភាពស្រេកឃ្លាន ។ «យើងត្រូវការចំណុចចូលដោយផ្ទាល់ទៅភាគខាងជើង»។
អង្គការសហប្រជាជាតិ បានព្រមានថា យ៉ាងហោចណាស់មនុស្ស ៥៧៦.000 នាក់ នៅតំបន់ហ្កាហ្សា- មួយភាគបួននៃចំនួនប្រជាជន កំពុងស្ថិតក្នុងស្ថានភាពនៃគ្រោះទុរ្ភិក្ស។