ស៊ីហ្គេម៖ កម្ពុជានឹងរៀបចំពិធីរាប់ថយក្រោយ ៥០០ថ្ងៃនៃដំណើរឆ្ពោះទៅពិធីបើកការប្រកួតផ្លូវការ នៃការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដ៏អធិកអធមម្ដងទៀតនាចុងឆ្នាំ២០២១ នេះ ដើម្បីជំរុញការផ្សព្វផ្សាយ និងបង្ហាញពីការត្រៀមខ្លួនរួចរាល់ ក្នុងការត្រៀមស្វាគមន៍ និងទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។

នេះបើតាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ កាលពីថ្ងៃទី១៣ ខែកក្កដាម្សិលមិញ។ ក្រោយបញ្ចប់កិច្ចប្រជុំឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិកាករ CAMSOC បានបញ្ជាក់ថា ឯកឧត្តមរដ្ឋមន្ដ្រី ថោង ខុន បានវាយតម្លៃខ្ពស់ចំពោះការងារសម្រេចបានក្នុងឆមាសទី១ ទោះបីមានបញ្ហាប្រឈមមួយចំនួនដោយសារវិបត្តិកូវីដ-១៩។ ប៉ុន្ដែឯកឧត្តមរដ្ឋមន្ដ្រីបានជំរុញការដោះស្រាយ និងពន្លឿនការងារបន្ថែមនៅឆមាសទី២ ពោលគឺរៀបរយទាំងអស់ ទាំងការកំណត់ប្រភេទកីឡា វិញ្ញាសា និងទីលានប្រកួតជាដើម។

ទន្ទឹមជាមួយគ្នាក្នុងឆមាសទី២ នេះដែរ គណៈកម្មាធិការជាតិ CAMSOC នឹងបន្ដរៀបចំនូវពិធិរាប់ថយក្រោយដ៏ធំមួយទៀត គឺពិធីរាប់ថយក្រោយ ៥០០ថ្ងៃឆ្ពោះទៅពិធីបើកការប្រកួតកីឡាស៊ីហ្គេមផ្លូវការនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដែលចំថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ។ ហើយក្នុងឱកាសនោះ ក៏នឹងមានការប្រកាសលទ្ធផលជ័យលាភីអ្នករចនាភ្លើងគុប និងមេដាយស៊ីហ្គេម បន្ថែមលើម្ចាស់ជ័យលាភី Logo និង Mascot កាលពីថ្មីៗផងដែរ។ គួរបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលកំណត់យកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ គឺជាថ្ងៃរៀបចំពិធីបើកការប្រកួត ខណៈពិធីបិទនឹងធ្វើឡើងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដដែល។ បន្ទាប់មកកម្ពុជានឹងបន្ដរៀបចំព្រឹត្តិការណ៍ដ៏ធំមួយទៀត គឺការធ្វើម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣៕
អត្ថបទ៖ លី ឈុនឡា