រដ្ឋាភិបាលប្រទេសកេនយ៉ា បានជួបបញ្ហាប្រឈម កាលពីថ្ងៃអង្គារដោយបានប្រកាសថាខ្លួន នឹងផ្អាក ការដាក់ពង្រាយមន្ត្រីនគរបាលកេនយ៉ា ដែលបានពន្យារពេលជាយូរមកហើយ ដើម្បីដោះស្រាយ អំពើ ហិង្សា ដែលកំពុងកើនឡើងនៅក្នុងប្រទេសហៃទី។

នាយករដ្ឋ មន្ត្រីហៃទី លោក អារីយ៉ែល ហេនរី (Ariel Henry) និងប្រធានាធិបតី កេនយ៉ា លោក វីលៀម រូតូ(William Ruto) បានចុះហត្ថលេខាលើកិច្ច ព្រម ព្រៀងមួយដែលលោក Ruto បាននិយាយថា នឹងតាមដានយ៉ាងឆាប់រហ័សនូវការដាក់ពង្រាយមន្រ្តី ទៅកាន់ប្រទេសតំបន់សមុទ្រការ៉ាអ៊ីបមួយនេះ។
នៅពេលនេះ លោក Henry បានប្រកាសលាលែងពីតំណែងភ្លាមៗនៅពេលដែលក្រុមប្រឹក្សាអន្តរកាល និងមេដឹកនាំបណ្តោះអាសន្ន ត្រូវបានជ្រើសរើស។ ប៉ុន្តែវាមិនច្បាស់នោះទេថា នៅពេលណា ដែលអាច កើតឡើងជាមួយនឹងស្ថានភាពសន្តិសុខដ៏តានតឹងនៅក្នុងរដ្ឋធានី ព័រ អូប្រាំង (Port-au-Prince)។ មន្ត្រីការទូតជាន់ខ្ពស់របស់ប្រទេសកេនយ៉ា បានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃអង្គារថា ការដាក់ ពង្រាយកងកម្លាំងនគរបាលបានផ្អាកដោយកំពុងរង់ចាំ ការចង្អុលបង្ហាញច្បាស់លាស់ ដែលថា រដ្ឋា ភិបាលបណ្តោះអាសន្នថ្មីនឹងដំណើរការ។

មន្ត្រីសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអង្គារថា សមាជិក ក្រុមប្រឹក្សាអន្តរកាលនឹងត្រូវបានតែងតាំងក្នុងរយៈពេល ៤៨ ម៉ោង បន្ទាប់ពីកិច្ចពិភាក្សា ក្នុងសប្តាហ៍នេះ នៅប្រទេសចាម៉ៃកា រវាងមេដឹកនាំតំបន់សមុទ្រការ៉ាអ៊ីប និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken ។ មន្ត្រីអាមេរិក និយាយថា ខ្លួនមានទំនុកចិត្តថា ការដាក់ពង្រាយកងកម្លាំងសន្តិសុខ នឹងនៅតែដំណើរការឆ្ពោះទៅមុខ នៅពេលដែលមេដឹកនាំថ្មីរបស់ប្រទេសហៃទី ត្រូវបានតែងតាំង តាមរយៈដំណើរការអន្តរកាល។
ការដាក់ពង្រាយកងកម្លាំងរបស់ប្រទេសកេនយ៉ា បានប្រឈមមុខទៅនឹងឧបសគ្គធំៗ មុនពេលលោក Henry លាលែងពីតំណែង រួមទាំងការរិះគន់ពីអ្នកនយោបាយប្រឆាំង ដែលចាត់ទុក បេសកកម្មនេះថា មានគ្រោះថ្នាក់ខ្លាំង និងពុំមែនជាផលប្រយោជន៍ជាតិរបស់ប្រទេសកេនយ៉ាឡើយ។