លោក ទេព សុខា ប្រធានការិយាល័យវិភាគ និងពិសោធន៍ នៃនាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវតិ្តវិទ្យា នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងប្រាប់BTV ព័ត៌មាន នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះថា មន្រី្តជំនាញលើវិស័យវប្បធម៌ កំពុងចុះបញ្ជីសារពើភ័ណ្ឌ ថែរក្សា អភិរក្សសមុច្ច័យបុរាណវិទ្យា នៅក្នុងសារមនី្ទរចំនួន២គឺសារមនី្ទរបន្ទាយមានជ័យ និងសារមនី្ទរស្វាយចេក ក្នុងខេត្តបន្ទាយមានជ័យ ដើម្បីឲ្យមនុស្សជំនាន់ក្រោយចូលរួមថែរក្សា ការពារ និងអភិរក្សសម្បតិ្តបេតិកភណ្ឌជាតិ។

លោក ទេព សុខា បានលើកឡើងទៀតថា បច្ចុប្បន្នសារមនី្ទរបន្ទាយមានជ័យ និងសារមនី្ទរស្វាយចេក ស្ថិតក្នុងខេត្តបន្ទាយមានជ័យនេះ មន្រី្តជំនាញកំពុងអនុវត្តគម្រោងថែរក្សា អភិរក្សកុលាលភាជន៍ និងការបណ្តុះបណ្តាលដល់និសិ្សតបុរាណវិទ្យា រួមនិងមន្ត្រី នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តបន្ទាយមានជ័យ អ្វីដែលមន្រី្តយើងកំពុងធ្វើនោះ គឺប្រមែប្រមូលកុលាលភាជន៍ មកពីតំបន់ផ្សេង និងវត្ថុសិល្បៈ ដូចជា លោហៈ អង្កាំ ផ្សេងៗ ក្នុងខេត្តបន្ទាយមានជ័យ។ មន្ត្រីកំពុងសិក្សាបែងចែកប្រភេទកុលាលភាជន៍ (សំអាតស្ងួត និងសំអាតដោយទឹក) ការសិក្សាអំពីសាច់ដីដែលស្មូន ចេញជារូបរាង និងរៀបចំបែងចែកដាក់តាមសម័យកាល (ពីសម័យមួយ ទៅសម័យមួយ) ក្នុងនោះរៀបចំប្រភេទកុលាលភាជន៍ ចាប់ផ្តើមពីសម័យបុរេប្រវតិ្តសាស្រ្ត ក្នុងនោះសម័យយុគដែក និងយុគសំរិទ្ធ សម័យមុនអង្គរ សម័យអង្គរ និងសម័យកណ្តាល។

លោក ទេព សុខា បានបញ្ជាក់ថា សមុច្ច័យបុរាណវិទ្យា (វត្ថុសិល្បៈ) ដែលមន្ត្រីជំនាញប្រមែប្រមូលបាន ដោយហេតុថា ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយជ័យ សំបូរទៅដោយស្ថានីយកប់សពបុរាណ ដូចជា៖ស្ថានីយភូមិស្នាយ ស្វាយចេក សំភី និងស្ថានីយបុរាណផ្សេងៗទៀត។ ដូច្នេះសូមអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកភូមិ ឃុំ ស្រុក ដែលរស់នៅលើតំបន់នោះ មេត្តាកុំជីកគាស់កកាយ និងចរាចរវត្ថុសិល្បៈ។ ហើយវត្ថុសិល្បៈដែលមន្រី្តជំនាញកំពុងថែរក្សា អភិរក្ស គឺទទួលបានមកពីការចាប់របស់នគរបាលការពារបេតិកភណ្ឌ ប្រគល់ឲ្យសារមន្ទីរបន្ទាយមានជ័យ និងសារមនី្ទរស្វាយចេក ដែលអ្នកជីកគាស់កកាយវត្ថុសិល្បៈ ព្យាយាមជួញដូរលក់ទៅឲ្យប្រទេសជិតខាង។ ដូច្នេះលោកប្រធានការិយាល័យវិភាគ និងពិសោធន៍ នៃនាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវតិ្តវិទ្យា ក៏សូមអំពាវនាវដល់យុវជន ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិ សូមអញ្ជើញចូលទស្សនាសារមនី្ទរទាំងពីរនេះ ដើម្បីស្វែងយល់ពីប្រវតិ្តសាស្រ្ត និងស្នាដៃបុព្វបុរសដូនតាខ្មែរ ដែលបានបន្សល់ទុកតាំងពីសម័យបុរេប្រវតិ្តសាស្រ្ត រហូតមកដល់សម័យមុនអង្គរ សម័យអង្គរ និងសម័យក្រោយអង្គរ ដែលជាធនធានមួយដ៏ប្រពៃ ដែលក្នុងនាមយើងកូនខ្មែរ ត្រូវមានកាតព្វកិច្ចចូលរួមថែក្សា អភិរក្សសម្បតិ្តបេតិកភណ្ឌរបស់ខ្លួន៕ អត្ថបទ៖ រដ្ឋា








