មានប្រសាសន៍ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យតេជោសែន កោះធំ ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសំណូមពរដល់ពលរដ្ឋទាំងអស់ សូមរក្សាថែសុខភាពឱ្យបានល្អ ជៀសវាងចូលទៅមន្ទីរពេទ្យ ទោះមន្ទីរពេទ្យនោះរដ្ឋាភិបាលបានដាក់ពង្រាយគ្រូពេទ្យជំនាញ និងផ្ដល់បណ្ណ ប.ស.ស. សម្រាប់ព្យាបាលជំងឺ ដោយមិនមានបង់ថវិកាក្ដី។

ដើម្បីថែរក្សាសុខភាពឱ្យបានល្អ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានសំណូមពរដល់ពលរដ្ឋទាំងអស់ សូម ឧស្សាហ៍ហាត់ប្រាណឱ្យបានជាប្រចាំ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានរំលេចឱ្យដឹងផងដែរថា នៅបណ្ដាប្រទេស ជាច្រើនក្នុងពិភពលោក មានដូចជាអាម៉េរិកក្ដី គេបានចេញច្បាប់មួយ ដើម្បីផ្ដល់ថវិកាសម្រាប់ពលរដ្ឋ ចំណាយលើការហាត់ប្រាណផ្ទាល់ខ្លួន។ ពលរដ្ឋដែលបានហាត់ប្រាណទៀងទាត់មានសុខភាពល្អ ពលរដ្ឋមានសុខភាពល្អ រដ្ឋមិនចំណាយថវិកាលើការព្យាបាលជំងឺជូនពលរដ្ឋនោះទេ។
សម្ដេចធិបតីបញ្ជាក់បន្ថែមថា ការចំណាយថវិកាលើការព្យាបាលជំងឺជូនពលរដ្ឋ គឺច្រើនជាងចំណាយ លើការផ្ដល់ថវិកាសម្រាប់ឱ្យពលរដ្ឋទៅហាត់ប្រាណទៅទៀត៕ដោយ៖ គង់ ឌិន