នាយករដ្ឋមន្ត្រីបារាំង លោក Gabriel Attal កាលពីថ្ងៃអង្គារ បានថ្លែងប្រាប់សភាថា ការប្រយុទ្ធរបស់អ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី បានឈានដល់«ចំណុចផ្លាស់ប្តូរដ៏សំខាន់» ដោយព្រមានអំពី«គ្រោះថ្នាក់ជាក់ស្តែង និងពិតប្រាក» សម្រាប់ប្រទេសបារាំង ប្រសិនបើរុស្ស៊ីទទួលបានជ័យជម្នះលើកងកម្លាំងរបស់ទីក្រុងគីវ។

លោក Attal បានចេញនូវទស្សនៈយ៉ាងម៉ឺងម៉ាត់អំពីហានិភ័យនៃការមិនគាំទ្រអ៊ុយក្រែន នៅមុនការបោះឆ្នោតជានិមិត្តរូបនៅក្នុងសភាលើយុទ្ធសាស្ត្រអ៊ុយក្រែនរបស់លោកប្រធានាធិបតីអេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ខណៈដែលភាពតានតឹងក្នុងស្រុក បានផ្ទុះឡើង នៅក្នុងការបោះឆ្នោតសភាអឺរ៉ុប នៅខែមិថុនា។

យុទ្ធនាការរបស់លោកម៉ាក្រុង បាននិងកំពុងស្វែងរកនៅក្នុងប្រទេសនូវសារៈសំខាន់នៃការគាំទ្រកាន់តែច្រើនសម្រាប់អ៊ុយក្រែន ដែលកំពុងតែអស់គ្រាប់រំសេវ ដោយទទូចថា សន្តិសុខរបស់អឺរ៉ុប កំពុងប្រឈមនឹងគ្រោះថ្នាក់។
បន្ទាប់ពីការជជែកដេញដោល សភាជាន់ទាប បានអនុម័តយុទ្ធសាស្ត្រអ៊ុយក្រែនរបស់រដ្ឋាភិបាល រួមទាំងកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីដែលចុះហត្ថលេខាដោយលោកម៉ាក្រុង និងប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelensky) កាលពីខែមុន។
លោក Attal បានថ្លែងកិច្ចប្រជុំសភាថា៖«អ៊ុយក្រែន កំពុងមើលពួកយើង រង់ចាំការបញ្ជាក់ និងសញ្ញានៃការរួបរួមរបស់យើង នៅពីក្រោយពួកគេ»។
លោកបានបន្ថែមថា យើងកំពុងឈានដល់ចំណុចផ្លាស់ប្តូរដ៏សំខាន់មួយ នៅក្នុងជម្លោះ ហើយថា ជ័យជម្នះរបស់រុស្ស៊ីមាន «គ្រោះថ្នាក់ជាក់ស្តែង» សម្រាប់«ជីវិតប្រចាំថ្ងៃរបស់ប្រជាជនបារាំង»។