មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបម្នាក់បាននិយាយថា ទ្រព្យសកម្មរបស់រុស្ស៊ី ដែលត្រូវបានបង្កកនៅក្នុងសហភាពអឺរ៉ុប បន្ទាប់ពីការលុកលុយរបស់ទីក្រុងមូស្គូ លើអ៊ុយក្រែន ទំនងជាអាចទទួលបានពី ១៥ ពាន់លានទៅ ២០ ពាន់លានអឺរ៉ូ នៅក្នុងប្រាក់ចំណេញក្រោយការបង់ពន្ធរហូតដល់ឆ្នាំ២០២៧ អាស្រ័យលើការវិវត្តនៃអត្រាការប្រាក់សកល។

មន្ត្រីរូបនេះបានឱ្យដឹងថា ផ្នែកមួយនៃប្រាក់ចំណេញ ក៏ដូចជាពន្ធលើចំនួនសរុប ទំនងជាត្រូវបានផ្ទេរពីសហភាពអឺរ៉ុប ទៅទីក្រុងគីវ ជាទៀងទាត់ ប៉ុន្តែប្រាក់មួយចំនួននឹងត្រូវទុកនៅលោកខាងលិច ដើម្បីបង្កើតការទប់ស្កាត់ប្រឆាំងនឹងការសងសឹកដែលរំពឹងទុករបស់រុស្ស៊ី ដែលអាចធ្វើឲ្យប្រព័ន្ធហិរញ្ញវត្ថុពិភពលោកមានអស្ថិរភាព។

មន្ត្រីសហភាពអឺរ៉ុប ដែលជិតស្និទ្ធនឹងការចរចាស្តីពីការប្រើប្រាស់ទ្រព្យសម្បត្តិនេះបាននិយាយថា «យើងចង់ជួយអ៊ុយក្រែន ប៉ុន្តែយើងក៏នឹងត្រូវតែធានាថាមិនមានការរំលោភលើស្ថិរភាពហិរញ្ញវត្ថុ»។

ប្រហែល ៧០ ភាគរយនៃទ្រព្យសកម្មរុស្ស៊ីទាំងអស់ដែលជាប់គាំងនៅលោកខាងលិច គឺត្រូវបានរក្សាទុកនៅក្នុងឃ្លាំងមូលបត្រកណ្តាលរបស់ប្រទេសបែលហ្ស៊ិក យ៉ូរ៉ូឃ្លៀ (Euroclear) ដែលមានតម្លៃស្មើនឹង ១៩០ ពាន់លានអឺរ៉ូនៃតម្លៃមូលបត្រ និងសាច់ប្រាក់របស់ធនាគារកណ្តាលរុស្ស៊ីផ្សេងៗ៕