អ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ថា គិតមកទល់ពេលនេះ មាននគរបាលជាតិចំនួនជាង ១០០នាក់ត្រូវបានបណ្តេញចេញពីក្របខណ្ឌ ខណៈមន្រ្តីរាជការស៊ីវិលតាមបណ្តារដ្ឋបាលរាជធានី-ខេត្តបន្តធ្វើតេស្តរកសារធារតុញៀន។
លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់ BTV នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ថា ដោយយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្រសួងមហាផ្ទៃបានចាប់ផ្តើមអនុវត្តយុទ្ធនាការពិនិត្យរកនូវសារធាតុលើនគរបាលជាតិ ចាប់ពីខែតុលា ឆ្នាំ២០២៣ រហូតមកដល់ខែមីនា ឆ្នាំ២០២៤នេះ ក្រសួងមហាផ្ទៃរកឃើញនគរបាលជាតិចំនួនជាង១០០នាក់ ស្មើនឹង៨០ភាគរយមានសារធាតុញៀន និងត្រូវបានបណ្តេញចេញពីក្របខណ្ឌ ខណៈក្រៅពីកងកម្លាំងនគរបាល តាមបណ្តារដ្ឋបាលរាជធានី-ខេត្តកំពុងបន្តអនុវត្តធ្វើតេស្តរកសារធាតុញៀនដូចគ្នាលើមន្រ្តីរាជការស៊ីវិលរបស់ខ្លួន។
ជុំវិញយុទ្ធនាការពិនិត្យរកសារធាតុញៀនលើកងកម្លាំងនគរបាលជាតិ និងមន្រ្តីរាជការស៊ីវិលចំណុះឱ្យក្រសួងមហាផ្ទៃ អ្នកនាំពាក្យរូបនេះ មិនទាន់អាចបញ្ជាក់ពីពេលវេលាជាក់លាក់នៃការបិទបញ្ចប់លើយុទ្ធនាការនេះនៅឡើយទេ ប៉ុន្តែក្រសួងមហាផ្ទៃនឹងខិតខំអនុវត្តតាមអនុសាសន៍របស់សម្តេចធិបតីនាយករដ្ឋមន្រ្តី ដើម្បីឱ្យសម្រេចបានជោគជ័យហើយឈានទៅពិចារណាកំណត់ពេលវេលាណាមួយ ដើម្បីពិនិត្យរកសារធាតុញៀននេះជាលើកទី២។
អ្នកនាំពាក្យរូបនេះ លើកឡើងថា ក្រសួងមហាផ្ទៃក្រោមការដឹកនាំរបស់ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានការប្តេជ្ញាចិត្តខ្ពស់អនុវត្តតាមអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី គឺបោសសម្អាតក្នុងផ្ទះឱ្យបានស្អាតជាមុន ទើបឈានទៅបោសសម្អាតគ្រឿងញៀនដែលកំពុងកើតមានក្នុងសង្គម។
សូមជម្រាបថា កាលពីខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងពេលអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដាក់ចេញវិធានការយ៉ាងម៉ឺងម៉ាត់ ណែនាំទៅក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យយកចិត្តទុកដាក់លើបញ្ហាគ្រឿងញៀន ដោយបង្កើនការត្រួតពិនិត្យមន្ត្រីតាមស្ថាប័នរដ្ឋនីមួយៗ និងត្រូវចាត់វិធានការច្បាប់ បញ្ចប់មុខតំណែង និងបណ្តេញពីក្របខណ្ឌដោយគ្មានការអនុគ្រោះ ចំពោះមន្ត្រីរូបណាដែលពាក់ព័ន្ធនឹងគ្រឿងញៀន។
បន្ថែមលើនេះ ចំពោះបញ្ហាគ្រឿងញៀន រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី នៅតែចាត់ទុកថាគ្រឿងជាបញ្ហាដ៏ស្មុគស្មាញ ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគី ដោយទាក់ទងនឹងការអប់រំ ណែនាំ និងអនុវត្តវិធានការច្បាប់ជាដើម ដើម្បីឈានទៅលុបបំបាត់គ្រឿងញៀនក្នុងប្រទេសកម្ពុជា៕ អត្ថបទ សេក ឧត្តម