និស្សិតប្រទេសម៉ិកស៊ិក បានវាយសម្រុកចូលបរិវេណអគារការិយាល័យរបស់រដ្ឋអាជ្ញា រដ្ឋ Guerrero កាលពីថ្ងៃអង្គារ បន្ទាប់ពីប្រធានាធិបតី លោក Andres Manuel Lopez Obrador បានផ្តល់ព័ត៌មានថា ភ្នាក់ងារនគរបាលដែលតាមការចោទប្រកាន់ថា បានសម្លាប់មិត្តរួមថ្នាក់របស់និស្សិត កាលពីសប្តាហ៍មុន បានរត់គេចខ្លួនពីការឃុំឃាំង។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា និស្សិតមកពីសាលាអាយ៉ូហ្សីនណាប៉ា(Ayotzinapa) នៅរដ្ឋ ហ្គូរ៉េរ៉ូ (Guerrero) ភាគខាងត្បូង និងសមាជិកនៃអង្គការនិស្សិត បានសម្រុកចូល បរិវេណ ការិយាល័យ ដោយបានបំផ្លាញយានយន្តចំនួន ១១ គ្រឿង និងបង្ករបួសដល់ភ្នាក់ងារចំនួន ២០ នាក់ ។
ភាពចលាចល បានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន នៅពេលដែលនគរបាលរដ្ឋ បានបាញ់ ទៅលើរថយន្តមួយគ្រឿងដឹកនិស្សិតជនបទ បណ្តាលឲ្យសិស្សិតឈ្មោះ យ៉ានហ្គី កូថាន ហ្គោម៉េ (Yanqui Kothan Gomez) អាយុ ២៣ ឆ្នាំ ស្លាប់។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា លោក Lopez Obrador បានថ្កោលទោស ការស្លាប់របស់និស្សិតរូបនេះ កាលពីថ្ងៃចន្ទដោយបាននិយាយថា វាគឺជា «ការបំពានលើសិទ្ធអំណាច» ។
ករណីបាញ់សម្លាប់នេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីមនុស្សមួយក្រុមធ្វើការតវ៉ាជុំវិញ ការបាត់ខ្លួន និស្សិត ៤៣ នាក់ ក្នុងប្រទេសម៉ិកស៊ិកក្នុងឆ្នាំ ២០១៤ ដែលបានទម្លាយទ្វារចូលវិមានប្រធានាធិបតី របស់ប្រទេស ទាមទារយុត្តិធម៌សម្រាប់សំណុំរឿងដែលមិនទាន់បានដោះស្រាយ។