យានចម្លង Space One Kairosរបស់ប្រទេសជប៉ុន បានផ្ទុះភ្លាមៗក្រោយការបាញ់បង្ហោះនៅថ្ងៃពុធទី១៣មីនានេះ ខណៈដែលក្រុមហ៊ុននេះ បានព្យាយាមក្លាយជាក្រុមហ៊ុនរបស់ជប៉ុនលើកដំបូងដើម្បីដាក់ផ្កាយរណបនៅក្នុងគន្លងតារាវិថី។

យានចម្លងដើរដោយតឥន្ធនៈរឹង ៤ ដំណាក់កាល ប្រវែង១៨ ម៉ែត្រ ឬស្មើ ៥៩ហ្វីត បានផ្ទុះប៉ុន្មានវិនាទីបន្ទាប់ពីបានហោះឡើងនៅម៉ោង១១និង១នាទីព្រឹក ម៉ោងនៅប្រទេសជប៉ុន បង្កឲ្យមានផ្សែងហុយខ្មួលខ្មាញ់ និងឆេះនៅជិតទីតាំងបាញ់បង្ហោះនៅលើចុងឧបទ្វីប គី (Kii)ប្រទេសជប៉ុនភាគខាងលិច។

យានចម្លង Kairos បានដឹកផ្កាយរណប ពិសោធន៍មួយរបស់រដ្ឋាភិបាលដែលអាចជំនួសជាបណ្ដោះអាសន្ននូវផ្កាយរណបចារកម្មបច្ចុប្បន្ន ដែលកំពុងស្ថិតក្នុងគន្លងតារាវិថី ប្រសិនបើផ្កាយរណបទាំងនោះដាច់សេវា ។
មិនទាន់មានការបញ្ជាក់ពីមូលហេតុនៃការផ្ទុះនេះ ឬមានអ្នករងរបួសនោះទេ។ ជាធម្មតានៅជិតទីតាំងបាញ់បង្ហោះ ពុំមានមនុស្សនៅក្បែរនោះទេ អំឡុងពេលចាប់ផ្តើមដំណើរការ៕