យោងតាមនគរបាលក្នុងតំបន់បានឱ្យដឹងថា បុរសម្នាក់បានប្លន់នៅលើរថយន្តក្រុងមួយគ្រឿង នៅ ស្ថានីយ៍រថយន្តក្រុង Rio de Janeiro ប្រទេសប្រេស៊ីល កាលពីថ្ងៃអង្គារ និងបានបាញ់ទៅលើមនុស្ស ពីរនាក់។

នគរបាលទីក្រុង Rio បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា អ្នករងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈកម្លាំងប្រតិបត្តិការពិសេស បានចរចាជាមួយបុរសដែលចាប់ អ្នកដំណើរទាំងអស់ជាចំណាប់ខ្មាំង។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា បន្ទាប់ពីរយៈពេល បីម៉ោង ជនចាប់ជំរិត បានប្រគល់ខ្លួន ទៅឱ្យអាជ្ញាធរ ហើយគ្មានចំណាប់ខ្មាំងណាម្នាក់រងរបួសឡើយ។

យោងតាមអ្នកនាំពាក្យរបស់នគរបាលទីក្រុង Rio បាននិយាយថា បុរសនោះមិនត្រូវបានអាជ្ញាធរ បង្ហាញ អត្តសញ្ញាណនៅឡើយ ខណៈបានប្រគល់ខ្លួនទៅឱ្យនគរបាល។ រថយន្តក្រុង គ្រោងនឹងចេញ ដំណើរទៅកាន់ទីក្រុង ជូអ៊ីស ដេ ហ្វ័រ៉ា (Juiz de Fora) ក្នុងរដ្ឋ មីនណាស់ ហ្គឺរ៉ៃស៍(Minas Gerais) កំពុងរង់ចាំនៅចំណតស្ថានីយ៍កាលពីរសៀលថ្ងៃអង្គារ នៅពេលនោះជនសង្ស័យបានចូលទៅក្នុងរថយន្ត ក្រុង បន្ទាប់មកបានបាញ់ប្រហារ បណ្តាលឱ្យមនុស្សពីរនាក់រងរបួស នៅខាងក្រៅរថយន្តក្រុង។
អ្នកនាំពាក្យ លោក Andrade បាននិយាយថា បុរសនោះត្រូវបានចាប់ខ្លួន ហើយចំណាប់ខ្មាំងទាំងអស់ ដែលរួមមានមនុស្សចាស់ និងកុមារ ត្រូវបានដោះលែង។
ការលួច និងប្លន់ ដែលដាក់គោលដៅ លើរថយន្តក្រុងនៅជិតស្ថានីយ៍រថយន្តក្រុងធំៗរបស់ទីក្រុង Rio បានក្លាយជារឿងធម្មតានៅឆ្នាំនេះ ដោយរថយន្តក្រុងនៅក្នុងករណីមួយចំនួន ត្រូវបានគេនាំយកទៅកាន់តំបន់នៃទីជនបទក្រីក្ររបស់ ទីក្រុង។