សហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៤នេះ បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការកណ្ដាល ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ កិច្ចប្រជុំនេះ គឺមានការបូកសរុបលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ ២០២៣កន្លងទៅ ក៏ដូចជាលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ ២០២៤ របស់គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយយុវជនកម្ពុជា។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក បានលើកឡើងថា កិច្ចប្រជុំរយៈ ១ថ្ងៃកន្លះនេះ គឺជាការជួបជុំដើម្បីបូកសរុប ពិនិត្យវាយតម្លៃ និងអបអរសាទរចំពោះសមិទ្ធផលការងារដែលយើងរួមគ្នាសម្រេចបាន និងលើកទិសដៅការងារសម្រាប់អនុវត្តនាពេលខាងមុខ។
ឯកឧត្តមបន្តថា ការរៀបចំកិច្ចប្រជុំត្រួតពិនិត្យវាយតម្លៃជាទៀងទាត់ គោលការណ៍ដឹកនាំ យន្តការ និងរបៀបរបបការងារច្បាស់លាស់ ការអនុវត្តការងារតាមរចនាសម្ព័ន្ធ ពិតជាឆ្លុះបញ្ចាំងឱ្យឃើញនូវ វិន័យ សាមគ្គីភាព ភាពឯកភាពផ្ទៃក្នុង និងភាពរឹងមាំរបស់ ស.ស.យ.ក ក្នុងនាម ស្ថាប័នសង្គមដ៏ធំ ដែលជាមូលដ្ឋានគ្រឹះនៃការរីកធំធាត់ជាបន្តបន្ទាប់របស់ក្រុមគ្រួសារ ស.ស.យ.ក ទាំងបរិមាណ គុណភាព និងសមត្ថភាព។

បើតាមឯកឧត្តម ហ៊ុន ម៉ានី ក្នុងរយៈពេលជាង ១ឆ្នាំ មកនេះ ស.ស.យ.ក បានពង្រឹងតួនាទីស្នូលរបស់ខ្លួនយ៉ាងរឹងមាំ ស្របតាមបរិបទនយោបាយ សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ដែលបានប្រែក្លាយរាល់បញ្ហាប្រឈម ទៅជាកាលានុវត្តភាព ដើម្បីចូលរួមយ៉ាងសកម្មក្នុងរាល់កិច្ចការសង្គម និងបន្តចូលរួមជាធ្លុងមួយ ជាចលនាយុវជនក្នុងបុព្វហេតុជាតិ មាតុភូមិ។ ហើយតាមរយៈការបំផុសស្មារតីស្រលាញ់ជាតិ ស.ស.យ.ក បានជំរុញនិងលើកទឹកចិត្តប្រជាជន ជាពិសេសយុវជនឱ្យចូលរួមចំណែកកាន់តែផុសផុលថែមទៀត ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេស ដោយពង្រឹងពង្រីកចំណេះដឹង ចំណេះធ្វើ ជំនាញទសវត្សរ៍ទី ២១ ពិសេសការពង្រឹងវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា ស្មារតីទទួលខុសត្រូវ សកម្មភាពចូលរួម និងសុខភាព ដើម្បីក្លាយជាសសរទ្រូងរឹងមាំរបស់ប្រទេសជាតិ។

ឯកឧត្តម ក៏បានកោតសសើរ វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍ សមាជិក សមាជិកាគណៈកម្មាធិការកណ្ដាលគ្រប់រូបដែលបានលះបង់ចូលរួមក្នុងគោលការណ៍ ស.ស.យ.ក កន្លងមក។
ឯកឧត្តមក៏បានផ្ដាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណ ភ្ជាប់នឹងការកោតសសើរគណៈកម្មាធិការ ស.ស.យ.ក រាជធានី-ខេត្ត ក្រុងស្រុកខណ្ឌ ឃុំសង្កាត់ ក្រុមការងារ ស.ស.យ.ក តាមវិស័យនានា និងសមាជិក ស.ស.យ.ក ទាំងអស់ទូទាំងប្រទេស ដែលបានលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ពេលវេលា និងធនធានផ្ទាល់របស់ខ្លួន ក្នុងការបំពេញតួនាទីភារកិច្ច យ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវ និងទឹកចិត្តស្រលាញ់ជាតិមាតុភូមិ ក៏ដូចជាសម្រេចបានសមិទ្ធផលថ្មីៗជាច្រើន គួរជាទីមោទនៈ៕ អត្ថបទ៖ គឹមហុក


