ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ការផ្ទុះហ្គាសដ៏ខ្លាំងដែលគេសង្ស័យ បានបណ្តាលឲ្យមនុស្សម្នាក់ ស្លាប់ និងរងរបួស២២នាក់ផ្សេងទៀតនៅក្នុងខេត្ត Hebei ភាគខាងជើងប្រទេសចិន នៅថ្ងៃពុធនេះ ដោយវីដេអូប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីអគាររងការខូចខាតធ្ងន់ធ្ងរ។

ទូរទស្សន៍រដ្ឋ CCTV បាននិយាយថា ការផ្ទុះបានកើតឡើងនៅមុនម៉ោង ៨ ព្រឹក នៅក្នុងតំបន់លំនៅឋាន មួយកន្លែងក្នុងទីក្រុង Sanhe មានចម្ងាយមិនដល់ ៥០ គីឡូម៉ែត្រនោះទេ ភាគខាងកើតរដ្ឋធានី ប៉េកាំង។ ប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍ថា មនុស្សម្នាក់បានស្លាប់ និង ២២ នាក់ទៀតរងរបួស ហើយ ការផ្ទុះនេះត្រូវបានគេសង្ស័យថា បណ្តាលមកពីការលេចធ្លាយឧស្ម័ននៅហាងលក់មាន់បំពង។

ប្រព័ន្ធផ្សព្វផ្សាយ CCTV បានរាយាការណ៍ថា ការផ្ទុះបានកើតឡើងនៅភោជនីយដ្ឋានជាន់ផ្ទាល់ដី ក្នុង តំបន់លំនៅឋានចាស់ ហើយអ្នករងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
វីដេអូដែលផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិតរបស់រដ្ឋ បានបង្ហាញពីការផ្ទុះខ្លាំង បានបញ្ចេញផ្សែង និង អណ្តាតភ្លើង ឆ្លងកាត់ផ្លូវដ៏មមាញឹកនៅពេលព្រឹកព្រលឹម។ វីដេអូមួយផ្សេងទៀត នៅលើប្រព័ន្ធផ្សព្វ ផ្សាយសង្គមបានបង្ហាញពីអ្វីដែលទំនងជាអគារមួយ បានបាក់រលំទាំងស្រុង ហើយរថយន្តជាច្រើន គ្រឿងត្រូវបានបំផ្លាញ។
បុគ្គលិកជួយសង្គ្រោះបានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ខណៈនាយកដ្ឋានពន្លត់អគ្គីភ័យ ក្នុងស្រុក Langfang បាននិយាយថា រថយន្តគិលានសង្គ្រោះចំនួន ៣៦គ្រឿង និងបុគ្គលិក ១៥៤ នាក់ ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ។
នាយកដ្ឋានពន្លត់អគ្គីភ័យ បាននិយាយថា អគ្គិភ័យ ស្ថិតក្រោមការគ្រប់គ្រងដោយប្រសិទ្ធភាព ហើយការងារជួយសង្គ្រោះត្រូវបានអនុវត្តបន្ទាន់។