អ្នកនាំពាក្យអង្គការសហប្រជាជាតិ បាននិយាយថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃអង្គារ បានបង្ហាញការវាយតម្លៃចំពោះសហគមន៍តំបន់សមុទ្រការ៉ាអ៊ីប និងដៃគូរបស់ខ្លួនសម្រាប់ការបង្កើតដំណោះស្រាយ ចំពោះវិបត្តិនៅក្នុងប្រទេសហៃទី។

លោក Stephane Dujarric ប្រធានអ្នកនាំពាក្យរបស់លោក Guterres បាននិយាយថា ប្រមុខអង្គការ សហប្រជាជាតិ បានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់នៅក្នុងប្រទេសហៃទី ធ្វើសកម្មភាពប្រកបដោយ ការទទួលខុសត្រូវ និងមានចំណាត់ការឆ្ពោះទៅរកការអនុវត្តន៍កិច្ចព្រមព្រៀងលើការរៀបចំអភិបាលកិច្ច អន្តរកាល ដើម្បីស្តារ ស្ថាប័នលទ្ធិប្រជាធិបតេយ្យឡើងវិញ តាមរយៈការបោះឆ្នោតដោយសន្តិវិធី គួរឱ្យ ទុកចិត្ត និងមានការចូលរួម។ កិច្ចព្រមព្រៀងនេះ រួមមានការបង្កើតក្រុមប្រឹក្សាប្រធានាធិបតី និងការតែងតាំងនាយករដ្ឋមន្ត្រីបណ្តោះអាសន្ន។

លោក Dujarric បាននិយាយថា លោក Guterres ក៏បានទទួលស្គាល់ការប្រកាសរបស់នាយករដ្ឋមន្ត្រី លោក អារីយ៉ែល ហេនរី(Ariel Henry) ថាលោក នឹងលាលែងពីតំណែង ភ្លាមៗនៅពេលមានការបង្កើតក្រុមប្រឹក្សាប្រធានាធិបតីអន្តរកាល។

អ្នកនាំពាក្យរូបនេះបាននិយាយថាលោកអគ្គលេខាធិការ បានបញ្ជាក់ឡើងវិញ នូវសាមគ្គីភាពមិនផ្លាស់ប្តូរ របស់លោក ជាមួយប្រជាជនហៃទី ដែលត្រូវការសុវត្ថិភាព ទីជម្រក ស្បៀងអាហារ និងការថែទាំសុខភាព ហើយត្រូវរស់នៅក្នុងសេចក្តីថ្លៃថ្នូរ។ វាមានសារៈសំខាន់ដែលសហគមន៍អន្តរជាតិ សហគមន៍តំបន់ សមុទ្រការ៉ាអ៊ីបនិងអ្នកដទៃ គាំទ្រមធ្យោបាយនេះ ហើយយើងសង្ឃឹមថានឹងនាំទៅរកថ្ងៃល្អប្រសើរ សម្រាប់ប្រជាជនហៃទី។ លើផ្នែកមនុស្សធម៌ អ្នកនាំពាក្យរូបនេះបាននិយាយថា ស្ថាប័នពិភពលោក និងដៃគូរបស់ខ្លួន បន្តផ្តល់ជំនួយសង្គ្រោះក្នុងពេលមានអំពើហឹង្សារបស់ក្រុមជនអន្ធពាល។
លោកបាន និយាយថា អង្គការទេសន្តរប្រវេសន៍អន្តរជាតិ និងដៃគូរបស់ខ្លួន បន្តដំណើរការគ្លីនិកវេជ្ជសាស្រ្តចល័ត នៅតាមទីតាំងសម្រាប់ជនភៀសខ្លួន ហើយកំពុងបង្កើតមន្ទីរពេទ្យបង្អែកសម្រាប់ករណី ងាយរងគ្រោះ បន្ថែមទៀត។