អ៊ីស្រាអែល បានធ្វើការវាយប្រហារនៅភាគឦសាននៃប្រទេសលីបង់ចំនួនពីរថ្ងៃជាប់គ្នា ដោយក្រុមហេសបូឡា បានបាញ់គ្រាប់រ៉ុក្កែត១០០គ្រាប់ ត្រឡប់មកវិញ។

ក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ បានបាញ់រ៉ុក្កែតចំនួន ១០០គ្រាប់ ជាការសងសឹកចំពោះការវាយប្រហាររបស់អ៊ីស្រាអែលចូលយ៉ាងជ្រៅនៅក្នុងទឹកដីលីបង់កាលពីយប់ថ្ងៃអង្គារ ដែលបានសម្លាប់ជនស៊ីវិល ម្នាក់។ ការវាយប្រហារដោយគ្រាប់រ៉ុក្កែត មិនត្រូវបានគេជឿថា បានបង្កការខូចខាតធ្ងន់ធ្ងរ ឬស្លាប់និងរបួសនៅក្នុងប្រទេសអ៊ីស្រាអែលនោះទេ ប៉ុន្តែជាឧបសគ្គដ៏ធំបំផុតមួយ នៅក្នុងជម្លោះរយៈពេល៥ខែ។

ក្រោយមក អ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសមួយផ្សេងទៀតនៅទីក្រុង Baalbek ដែលមានចម្ងាយប្រហែល ៦០ម៉ាយពីព្រំដែនរបស់ខ្លួន និងខ្សែត្រៀមជួរមុខភាគខាងត្បូង ដែលត្រូវបានគេរាយការណ៍ថា បានបំផ្លាញឃ្លាំងអាហារ និងបានសម្លាប់សមាជិកក្រុមហេសបូឡា។ អ៊ីស្រាអែល បាននិយាយថា ខ្លួនបានវាយប្រហារមជ្ឈមណ្ឌលបញ្ជាការចំនួនពីរ។
ក្រុមហេសបូឡា បាននិយាយថា បទឈប់បាញ់នៅហ្កាហ្សា នឹងក្លាយជាមធ្យោបាយតែមួយគត់ ដើម្បីស្តារភាពស្ងប់ស្ងាត់ នៅតាមព្រំដែនលីបង់ និងអ៊ីស្រាអែល ទោះបីជារដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ូអាវ ហ្គាឡែនធ៍ (Yoav Gallant) បានបញ្ជាក់កាលពីខែមុនថា អ្នកណាដែលគិតថា បទឈប់បាញ់ បណ្តោះអាសន្នសម្រាប់តំបន់ហ្កាហ្សា ក៏នឹងអនុវត្តចំពោះជួរមុខភាគខាងជើងដែរនោះ គឺជារឿងយល់ ច្រឡំ។