រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចុះហត្ថលេខាព្រមព្រៀងគ្នាជាមួយបណ្តាប្រទេសជាច្រើនលើការតភា្ជប់ជើងហោះហើរត្រង់មកកម្ពុជា ខណៈកម្ពុជា កំពុងស្ថាបនាអាកាសយានដ្ឋានអន្តរជាតិតេជោនឹងគ្រោងដាក់ឱ្យប្រើប្រាស់នៅឆ្នាំក្រោយនេះ។ ស្របពេលនេះអ្នកជំនាញក្នុងវិស័យទេសចរណមើលឃើញថា កម្ពុជានឹងមានអ្នកដំណើរ និងទេសចរអន្តរជាតិកើនឡើងខ្លាំងក្រោយកម្ពុជាមានភាពសំបូរបែបការទទួលជើងហោះហើរអន្តរជាតិធំៗ។
លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីភិច ប្រចាំនៅកម្ពុជា ថ្លែងប្រាប់ BTVនៅថ្ងៃទី១៣ ខែមីនានេះថា តាមរយៈហេដ្ឋារចនាសម្ព័ន្ធសំបូរបែប នៃព្រលានយន្តហោះខ្នាតធំជាច្រើនកន្លែងរបស់កម្ពុជានឹងអាចទទួលជើងយន្តហោះគ្រប់ខ្នាតទាំងអស់របស់ពិភពលោក មកចុះចតនៅកម្ពុជាបាន។ កត្តានេះ គឺជាកិច្ចការដ៏ល្អបំផុត សម្រាប់អ្នកដំណើរអន្តរជាតិ និងទេសចរអន្តរជាតិ អាចធ្វើដំណើរហោះត្រង់មកកម្ពុជា ហើយអ្វីដែលកម្ពុជា ត្រូវសហការធ្វើបន្តនោះគឺការទាក់ទាញអ្នកដំណើរ ទេសចរអន្តរជាតិមកកម្ពុជាឱ្យបានកាន់តែច្រើន។
អ្នកជំនាញរូបនេះបន្តថា ដើម្បីជំរុញទាក់ទាញអ្នកដំណើរទេសចរអន្តរជាតិមកកម្ពុជាកាន់តែច្រើន ស្ថាប័នពាក់ព័ន្ធនានា គួរគាប្បីសហការគ្នាលើការផ្សព្វផ្សាយអំពីទីផ្សារគោលដៅទេសចរណ៍កម្ពុជា។ ការកែទម្រង់ផលិតផលទេសចរណ៍ និងការផ្លាស់ប្តូរផ្នត់គំនិតប្រជាជនលើការទទួលស្វាគមន៍ទេសចរឲ្យបានល្អ។
ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ថ្លែងថា នៅពេលព្រលានយន្តហោះអន្តរជាតិតេជោថ្មីបើកដំណើរការ គឺកម្ពុជានឹងមានលទ្ធភាពគ្រប់គ្រាន់ទទួលជើងយន្តហោះគ្រប់ខ្នាតទាំងអស់របស់ពិភពលោក ហោះត្រង់មកកម្ពុជាបាន ហើយបច្ចុប្បន្នឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កំពុងខិតខំសហការជាមួយស្ថាប័នរដ្ឋ ឯកជន និងបានជួបជាមួយបណ្តាអង្គទូត ថ្នាក់ដឹកនាំស្ថានប័នជំនាញប្រទេសដៃគូ ជំរុញបង្កើនកិច្ចសហប្រតិបត្តិតភា្ជប់ជើងហោះត្រង់ ដែលមានភាពចំណិញពេលវេលា និងថវិកានៃអ្នកធ្វើដំណើរទេសចរណ៍៕ អត្ថបទ៖ ស៊ុម សុខជា




