រដ្ឋបាលរបស់លោក Biden បានប្រកាសផ្ដល់កញ្ចប់ជំនួយយោធាមួយផ្សេងទៀតដល់អ៊ុយក្រែនដែលមានទំហំទឹកប្រាក់រហូតដល់៣០០លានដុល្លារកាលពីថ្ងៃអង្គារបន្ទាប់ពីការព្រមានជាច្រើនខែថាមិនមានលុយនៅសល់ទេ ដោយក្រុមមន្ត្រីបាននិយាយថា មូលនិធិថ្មីនេះអាចកើតឡើងបានដោយសារការសន្សំដែលបានធ្វើឡើងនៅក្នុងកិច្ចសន្យាអាវុធ។

ទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan បានប្រកាសកញ្ចប់ថវិកានេះនៅក្នុងសន្និសីទសារព័ត៌មានមួយនៅឯសេតវិមានកាលពីរសៀលថ្ងៃអង្គារ។
លោក Sullivan បាននិយាយថា នៅពេលកងទ័ពរុស្ស៊ីរុលទៅមុខ ហើយបាញ់ស្រោចយ៉ាងខ្លាំង អ៊ុយក្រែនមិនមានគ្រាប់រំសេវគ្រប់គ្រាន់សម្រាប់បាញ់តបតវិញទេ។ ដោយសារតែខ្វះអាវុធទើបធ្វើឲ្យបាត់បង់ជីវិតកងទ័ព។ ហើយធ្វើឱ្យយើង សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូ ត្រូវខាតបង់។

ក្រោយមកលោកប្រធានាធិបតី Joe Biden បានបង្ហាញអារម្មណ៍ស្រដៀងគ្នាដោយនិយាយថាកញ្ចប់នេះ "មិនគ្រប់គ្រាន់ទេ" ហើយសភាត្រូវការអនុម័តថវិកាបន្ថែម។
ថ្លែងជាមួយនាយករដ្ឋមន្រ្តីប៉ូឡូញ និងប្រធានាធិបតីប៉ូឡូញលោក Biden បាននិយាយតាមទស្សនៈរបស់ខ្ញុំ យើងត្រូវធ្វើសកម្មភាពមុនពេលអ្វីៗយឺតពេល ព្រោះដូចប៉ូឡូញអញ្ចឹងត្រូវចាំថា រុស្ស៊ីនឹងមិនឈប់ត្រឹមអ៊ុយក្រែនទេ ។ លោក Putin នឹងបន្តទៅមុខ ដោយដាក់អឺរ៉ុប សហរដ្ឋអាមេរិក ពិភពលោកសេរីទាំងមូលប្រឈមនឹងហានិភ័យ ។

អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកឧត្តមសេនីយ៍ Pat Ryder បាននិយាយកាលពីថ្ងៃអង្គារថា កញ្ចប់ថវិកានេះនឹងរួមបញ្ចូល មីស៊ីលប្រឆាំងយន្តហោះ Stinger គ្រាប់រំសេវបន្ថែមសម្រាប់ប្រព័ន្ធបាញ់មីស៊ីល HIMARS កាំភ្លើងធំ១៥៥ មីល្លីម៉ែត្រ រួមទាំងគ្រាប់រំសេវបំផ្ទុះបានខ្ពស់ និង គ្រាប់កាំភ្លើងធំ ១០៥ មីល្លីម៉ែត្រ ប្រព័ន្ធប្រឆាំងរថក្រោះ AT4 គ្រាប់រំសេវអាវុធធុនតូច គ្រាប់រំសេវទូទៅ គ្រាប់រំសេវសម្រាប់បោសសម្អាតឧបសគ្គ គ្រឿងបន្លាស់ ការថែទាំ និងឧបករណ៍បន្ថែមផ្សេងទៀត៕