ស្ទឹងត្រែង÷ ផ្លូវក្រាលដីល្បាយថ្មភ្នំចំនួន ២ខ្សែ ប្រវែង ២០គីឡូម៉ែត្រ និងស្ពានបេតុង ២ កន្លែង នៅក្នុងខេត្តចំនួនពីរ ស្ថិតក្រោមក្របខណ្ឌ ក្រសួងអភិវឌ្ឍន៍ជនបទ បានស្ថាបនាស្របតាមបទដ្ឋានបច្ចេកទេសល្អប្រសើរ ដោយផ្លូវនឹងស្ពានទាំងនោះ បានកំពុងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងកងទ័ព។
ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម នៅថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២៤ នេះ បានដឹកនាំក្រុមការងារអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃ-ប្រគល់ទទួល បញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវ ក្រាលដីល្បាយថ្មភ្នំ ចំនួន ២ខ្សែ និងស្ពានចំនួន ២កន្លែង ក្នុងនោះគម្រោងទី១ បានវាយតម្លៃប្រគល់-ទទួលបញ្ចប់ជាស្ថាពររយៈពេល ធានាសុពលភាព លើការងារស្ថាបនាផ្លូវក្រាលដីល្បាយថ្មភ្នំប្រវែង ៧ ពាន់ ម៉ែត្រ, ទទឹង ៨ ម៉ែត្រ, កម្រាស់ ០,២ ម៉ែត្រ, សាងសង់លូ មូលមុខបីចំនួន ១០កន្លែង, លូមូលមុខពីរចំនួន ៦ កន្លែង និងលូមូលមុខ មួយចំនួន ៥កន្លែង ស្ថិតនៅតាមបណ្តោយខ្សែក្រវាត់ ព្រំដែនកម្ពុជា-ឡាវ (ច្រកដុងក្រឡ) ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
ចំណែកការងារស្ថាបនាស្ពានបេតុង មានចំនួន ២កន្លែង ប្រវែងសរុប ៤៨ ម៉ែត្រ, ទទឹង ៨ ម៉ែត្រ, សាងសង់លូប្រអប់បង្កប់មុខ បីចំនួន ២ កន្លែង, លូប្រអប់មុខបីមានសំណង់បង្ហៀរទឹកចំនួន ១ កន្លែង, លូប្រអប់មុខពីរ មានសំណង់បង្ហៀរទឹកចំនួន ១ កន្លែង, លូប្រអប់មុខ ពីរចំនួន ១ កន្លែង, លូមូលមុខបីចំនួន ៣ កន្លែង, លូមូលមុខពីរចំនួន ៣ កន្លែង, និងលូមូលមុខមួយចំនួន ២៦ កន្លែង ស្ថិតនៅលើផ្លូវ ក្រវាត់ព្រំដែនកម្ពុជា-ឡាវ (ច្រកដុងក្រឡ) ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
ដោយឡែកផ្លូវក្រាលដីល្បាយថ្មភ្នំចំនួន ១ខ្សែទៀត មានពីរកំណាត់ ប្រវែងសរុប ១៣ ពាន់ម៉ែត្រ, ទទឹង ៨ ម៉ែត្រ, កម្រាស់ ០,២ ម៉ែត្រ, ក្នុងនោះកំណាត់ទី១ ស្លាបស្តាំប្រវែង ៥ ៥០០ ម៉ែត្រ, ចាប់ពីបំបែកច្រក ៤០០ នៃភូមិឆករកា ឃុំសំឡូត ឆ្ពោះទៅ ច្រកសែនចៅ ស្រុកសំឡូត ខេត្តបាត់ដំបង និងច្រកផល្លីផល្លា ខេត្តប៉ៃលិន។ ចំណែកកំណាត់ទី២ ស្លាបធ្វេងប្រវែង ៧ ៥០០ ម៉ែត្រ, ចាប់ពីបំបែកច្រក ៤០០ ឆ្ពោះទៅភូមិ ៨៣ ឃុំតាតោក ឆ្ពោះទៅច្រកចរិយា និងច្រកទីងមោង ស្រុកសំឡូង ខេត្តបាត់ដំបង ក្នុង នោះមានផ្លាកឈ្មោះផ្លូវចំនួន ៣កន្លែងផងដែរ។
ឯកឧត្តម បន្តលើកឡើងថា ចំពោះផ្លូវនិងស្ពានខាងលើនេះ ពិតជាមានសារៈសំខាន់ណាស់ ដោយបានកំពុងផ្តល់អត្ថប្រយោ ជន៍ជាច្រើន សម្រាប់ជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសាធារណជនទូទៅ ជាពិសេសផ្លូវស្ថិតនៅតាមបណ្តោយ ខ្សែក្រវាត ព្រំដែនកម្ពុជា-ឡាវ (ច្រកដុងក្រឡ) ក្នុងស្រុកសៀមប៉ាង បានកំពុងជួយសម្រួលដល់ការធ្វើដំណើររបស់កងព័ទ ពោលគឺ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ នៅតាមមូលដ្ឋាន ដែលស្ថិតនៅក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានកំពុងតភ្ជាប់ មានភាពប្រទាក់ក្រឡាទៅកាន់តំបន់ផ្សេងៗ ដែលគម្រោងទាំងនោះគឺបានកើតឡើង ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលបានគិតគូរនិងមានផែនការច្បាស់ លាស់ នៃការតភ្ជាប់ផ្លូវពីមូលដ្ឋាន មកកាន់ទីប្រជុំជន និងទីក្រុងជាដើម៕ អត្ថបទ៖ សុន រ៉ាឌី











