កាយសម្ព័ន្ធ៖ កីឡាករ-កីឡាការិនីជម្រើសជាតិកីឡាកាយសម្ព័ន្ធកម្ពុជា ២រូបបានចូលរួមការប្រកួតកីឡាកាយសម្ព័ន្ធអន្តរជាតិ Korea Open Aerobic Competition លើកទី៦ ឆ្នាំ២០២១ នៅសាធារណរដ្ឋកូរ៉េ និងទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ដោយដណ្ដើមបានចំណាត់ថ្នាក់លេខ២ បន្ទាប់ពីឆ្លងកាត់ការប្រកួតតាមអនឡាញរយៈពេល ២ថ្ងៃកាលពីថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២១។

លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានឲ្យដឹងថា ការប្រកួតអន្តរជាតិនេះមានកីឡាករ-កីឡាការិនីចូលរួមសរុប ៥៣៨នាក់មកពី ៣០ប្រទេសស្មើនឹង ៣១០ក្រុម។ ចំពោះកីឡាករ-កីឡាការិនីកម្ពុជាដែលត្រូវបានសហព័ន្ធថតវីដេអូចូលរួមការប្រកួតនេះគឺកីឡាករ ហាស់ សុខហ៊ និងកីឡាការិនី ម៉ូ ស្រីពៅ ដែលធ្វើការប្រកួតលើវិញ្ញាសាគូរអាយុក្រោម ១៨ឆ្នាំ និងមានបេក្ខភាពប្រកួតប្រជែង ៣ប្រទេសទៀតគឺម្ចាស់ផ្ទះកូរ៉េ ជប៉ុន និងម៉ុងហ្គោលី។ ជាលទ្ធផលក្រុមកម្ពុជាបានទទួលចំណាត់ថ្នាក់លេខ២ ខណៈលេខ១ បានទៅកូរ៉េ និងលេខ៣ បានទៅជប៉ុន។ លោក ណយ ផាណា បានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលនេះ ទោះបីពុំទទួលបានលេខ១ តែសបញ្ជាក់ឲ្យឃើញភាពរីកចម្រើនរបស់កីឡាករ-កីឡាការិនីកាយសម្ព័ន្ធវ័យក្មេងកម្ពុជាដែលជាថ្នាលត្រៀមស៊ីហ្គេមឆ្នាំ២០២៣។

ផ្អែកលើសមិទ្ធផល និងការខិតខំប្រឹងប្រែង គួបផ្សំជាមួយការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំសហព័ន្ធ ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ លោករំពឹងថា នឹងជំរុញឲ្យកីឡាករ-កីឡាការិនីកម្ពុជាមានគុណផលកម្រិតខ្ពស់ ឆ្ពោះទៅដណ្ដើមមេដាយជូនជាតិសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។ សូមបញ្ជាក់ថា នេះជាលើកទី២ ហើយដែលសហព័ន្ធបានបញ្ជូនកីឡាករ-កីឡាការិនីចូលរួមព្រឹត្តិការណ៍ Korea Open Aerobic Competition ប៉ុន្តែដោយសារវិបត្តិកូវីដ-១៩ ឆ្នាំនេះ សហព័ន្ធបានបញ្ជូនកីឡាករ-កីឡាការិនីតែ ២រូបប៉ុណ្ណោះចូលរួម។ លើសពីនេះសហព័ន្ធក៏បានបញ្ជូនអាជ្ញាកណ្ដាលអន្តរជាតិ ២រូបចូលរួមកាត់សេចក្ដីក្នុងការប្រកួតដ៏ធំនេះដែរគឺលោក សោ សុផេង និងលោក វាស សារិទ្ធ៕
អត្ថបទ៖ លី ឈុនឡា