
នាវាយោធាសហរដ្ឋអាមេរិក បានចាកចេញពីកំពង់ផែមួយនៅភាគខាងត្បូងរដ្ឋ វឺជីនៀ (Virginia) ដើម្បី សាងសង់កំពង់ផែបណ្តោះអាសន្នមួយ ដែលអាចផ្តល់ការផ្គត់ផ្គង់ផ្នែកមនុស្សធម៌សំខាន់ៗ ដែលនឹងត្រូវ បញ្ជូនទៅកាន់តំបន់ហ្កាហ្សាស្ទ្រីប។ រដ្ឋាភិបាលសហរដ្ឋអាមេរិក មានបំណងសាងសង់កំពង់ផែបណ្ដែត នៅជិតតំបន់ហ្កាហ្សា ជាកន្លែងប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមអ៊ីស្លាមនិយមហាម៉ាស ដែលបាន បណ្តាលខ្វះខាតស្បៀងអាហារ និងជំនួយសង្គ្រោះធ្ងន់ធ្ងរ។
ពិធីចេញដំណើរ ត្រូវបានធ្វើឡើងនៅកំពង់ផែយោធាមួយកន្លែង កាលពីថ្ងៃអង្គារ សម្រាប់នាវាជាច្រើន គ្រឿង ដែលនឹងចូលរួមក្នុងការសាងសង់ និងធ្វើប្រតិបត្តិការនៅកំពង់ផែនោះ។ វរៈសេនីយឯក កងទ័ពជើងគោក លោក Sam Miller បានបញ្ជាក់លើសារៈសំខាន់នៃបេសកកម្ម ដោយលោកនិយាយថា យើងយល់ពីសារៈសំខាន់នៃបេសកកម្មនេះ និងផលប្រយោជន៍នៅក្នុងពិភពលោកទាក់ទងក្នុងរឿងនេះ ។ នាវាច្រើនគ្រឿង ត្រូវបានផ្ទុកទៅដោយឧបករណ៍សំណង់។
កងទ័ពសហរដ្ឋអាមេរិកនិយាយថា ទាហានប្រហែល ៥០០ នាក់នឹងចូលរួមក្នុងបេសកកម្មនេះ។ នាវាទាំងអស់នឹងចំណាយពេលរហូតដល់ ៣០ ថ្ងៃ ដើម្បីទៅដល់គោលដៅ របស់ខ្លួន ហើយកំពង់ផែ បណ្តោះអាសន្ន ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមដំណើរការក្នុងរយៈពេលប្រហែល ៦០ ថ្ងៃ។
ឧត្តមសេនីយកងទ័ព លោក Brad Hinson បាននិយាយថា នៅពេលដែលបេសកកម្មនេះមាន សមត្ថភាពពេញលេញ វានឹងអាចផ្តល់ស្បៀងអាហារជាង ២ លានកញ្ចប់ ក្នុងមួយថ្ងៃដល់តំបន់ហ្កាហ្សា ហើយទាហាននឹងជួយសង្គ្រោះជីវិតប្រជាជន ចាប់ពីថ្ងៃដំបូងតទៅ។