
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុងសុន្ទរកថាដែលបានចេញផ្សាយនៅថ្ងៃពុធ (១៣ មីនា) នេះថា ប្រទេសរុស្ស៊ី នៅតែស្ថិតក្នុងស្ថានភាពត្រៀមខ្លួនប្រយុទ្ធ និងត្រៀមខ្លួនជាស្រេចសម្រាប់សង្គ្រាមនុយក្លេអ៊ែរ ប្រសិនបើអធិបតេយ្យភាពត្រូវបានគំរាមកំហែង ប៉ុន្តែមិនកំពុងប្រញាប់ប្រញាល់ទេនៅពេលនេះ។
នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ លោក ពូទីន ដែលបានចាប់ផ្តើមការលុកលុយពេញប្រទេសអ៊ុយក្រែន និងស្ទើរតែប្រាកដក្នុងការឈ្នះការបោះឆ្នោតប្រធានាធិបតីពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែមីនាខាងមុខនេះ បាននិយាយថា រុស្ស៊ីនឹងត្រៀមខ្លួនជាស្រេចក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ក្នុងលក្ខខណ្ឌណាមួយដែលអធិបតេយ្យភាពរបស់ខ្លួនត្រូវបានរំលោភបំពាន។
លោកបន្ថែមថា សហរដ្ឋអាមេរិក ដឹងច្បាស់ហើយថាប្រសិនបើខ្លួនដាក់ពង្រាយទាហានអាមេរិកនៅលើទឹកដីរុស្ស៊ី ឬទៅអ៊ុយក្រែន រុស្ស៊ីនឹងចាត់ទុកទង្វើនេះថាជាអន្តរាគមន៍។
លោកបានរំលឹកឡើងវិញថា ការប្រើប្រាស់អាវុធនុយក្លេអ៊ែរត្រូវបានសរសេរនៅក្នុងគោលលទ្ធិនុយក្លេអ៊ែររបស់វិមានក្រឹមឡាំង ដែលជាគោលការណ៍កំណត់ពីកាលៈទេសៈណាដែលរុស្ស៊ីអាចប្រើប្រាស់អាវុធរបស់ខ្លួនបាន។
ទោះបីជាយ៉ាងណាក៏ដោយ លោក ពូទីន បាននិយាយថា រុស្ស៊ីមិនដែលប្រឈមមុខនឹងភាពចាំបាច់ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែនទេ ជាទីដែលជម្លោះបានផ្ទុះឡើងតាំងពីខែកុម្ភៈ ឆ្នាំ២០២០៕