
អង្គការយូនីសេហ្វ (UNICEF) បានព្រមាននៅក្នុងរបាយការណ៍មួយកាលពីថ្ងៃអង្គារ (១២ មីនា) ថាអត្រានៃភាពក្រីក្ររបស់កុមាររបស់ប្រទេសអាហ្សង់ទីន អាចឡើងដល់ ៧០ ភាគរយនៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៤ លុះត្រាតែមានការផ្លាស់ប្តូរក្នុងវិធានការទប់ស្កាត់បញ្ហានេះ ដោយឆ្លុះបញ្ចាំងពីអត្រាអតិផរណាខ្ពស់ ការចុះខ្សោយនៃកំណើនសេដ្ឋកិច្ច និងភាពក្រីក្រកំពុងប៉ះពាល់ដល់ប្រទេសយ៉ាងខ្លាំង។
នៅក្នុងរបាយការណ៍មួយ មូលនិធិកុមាររបស់អង្គការសហប្រជាជាតិមួយនេះបាននិយាយថា អត្រានៃភាពក្រីក្រកំពុងកើនឡើងយ៉ាងឆាប់រហ័សពីតួលេខ ៥៧ ភាគរយកាលពីចុងឆ្នាំមុន ហើយអ្នកដែលស្ថិតក្នុងភាពក្រីក្រខ្លាំងអាចឈានដល់ ៣៤ ភាគរយ ដោយកើនឡើងពីចំនួន ១៩,៤ ភាគរយ ខណៈអំពាវនាវឱ្យមានការចំណាយបន្ថែមទៀតដើម្បីការពារជីវភាពរស់នៅរបស់កុមារ។
ប្រធានាធិបតីសេរីនិយម-ស្តាំនិយមថ្មី របស់ប្រទេសអាហ្សង់ទីន លោក ហាវីយេ មីឡៃ (Javier Milei) បាននិងកំពុងជំរុញវិធានការតឹងរ៉ឹងដើម្បីបង្វែរឱនភាពសារពើពន្ធដ៏ជ្រៅ កសាងទុនបម្រុងឡើងវិញ និងស្ថិរភាពសេដ្ឋកិច្ច ប៉ុន្តែចំណាត់ការនេះបានធ្វើឱ្យកំណើនសេដ្ឋកិច្ចទន់ខ្សោយ និងជំរុញភាពក្រីក្រ។
របាយការណ៍នេះបានដាក់ទង់សញ្ញាព្រមាន ដែលនិយាយថាការកាត់បន្ថយការចំណាយរបស់អាហ្សង់ទីន ហាក់ដូចជាកំពុងប៉ះពាល់ដល់គំនិតផ្តួចផ្តើម និងកម្មវិធីសុខុមាលភាពដែលមានគោលបំណងការពារកុមារ ខណៈកុមារ ៧ នាក់ក្នុងចំណោម ១០ នាក់កំពុងរស់នៅក្នុងភាពក្រីក្ររួចទៅហើយ៕