
កិច្ចពិភាក្សារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ាក់ ស្តីពីការបញ្ចប់ក្រុមចម្រុះយោធាដឹកនាំដោយសហរដ្ឋអាមេរិក នៅក្នុងប្រទេសនេះ ប្រហែលជាមិនត្រូវបានបញ្ចប់ភ្លាមៗនោះទេរហូតដល់ក្រោយការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងខែវិច្ឆិកា នេះបើយោងតាមមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអ៊ីរ៉ាក់ម្នាក់បានប្រាប់សារព័ត៌មានរ៉យទ័រ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។
ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងបាកដាដ កាលពីខែមករា បានផ្តួចផ្តើមកិច្ចពិភាក្សាដើម្បីវាយតម្លៃឡើងវិញនូវក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៤ ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម (IS) បន្ទាប់ពីក្រុមសកម្មប្រយុទ្ធអ៊ីស្លាមជ្រុលនិយមនិកាយស៊ុននី បានវាយលុកផ្នែកធំៗនៃប្រទេស។
ការសម្រេចដើម្បីរំសាយក្រុមចម្រុះយោធានេះ បានកើតឡើងបន្ទាប់ពីកងកម្លាំងសហរដ្ឋអាមេរិក និងក្រុមប្រដាប់អាវុធមូស្លីមនិកាយ ស៊ីអ៊ីត (Shi'ite) បានចូលរួមក្នុងការវាយប្រហារសងសឹក ស្របពេលមានជម្លោះក្នុងតំបន់ដែលទាក់ទងនឹងសង្រ្គាមរយៈពេលប្រាំខែរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។
ការប៉ះទង្គិចទាំងនោះឥឡូវនេះបានផ្អាកអស់រយៈពេលជាងមួយខែហើយដើម្បីទុកពេលសម្រាប់ការចរចា។
ដោយគាំទ្រដោយក្រុមនិកាយស៊ីអ៊ីត និងក្រុមប្រដាប់អាវុធ រដ្ឋាភិបាលនៅទីក្រុងបាកដាដ ដែលជាសម្ព័ន្ធមិត្តដ៏កម្ររបស់អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក កំពុងព្យាយាមរារាំងប្រទេសនេះមិនឱ្យក្លាយជាសមរភូមិប្រយុទ្ធសម្រាប់មហាអំណាចបរទេសម្តងទៀត៕