
រុស្ស៊ី សង្ឃឹមថាទីផ្សារភាគហ៊ុនរបស់ខ្លួននឹងទទួលបានអត្ថប្រយោជន៍ពីគ្រោងការណ៍ដែលចាប់ផ្តើមក្នុងខែនេះ ដោយប្រជាជនរុស្ស៊ីដែលជាម្ចាស់មូលបត្របរទេសដែលត្រូវបង្កក នឹងអាចដាក់ពាក្យសុំលក់មូលបត្រទាំងនោះទៅឱ្យជនបរទេសដែលមានទ្រព្យសម្បត្តិបង្កកនៅក្នុងប្រទេសរុស្ស៊ី នេះបើយោងតាមរដ្ឋមន្ត្រីរដ្ឋាភិបាលម្នាក់បាននិយាយកាលពីថ្ងៃអង្គារ (១២ មីនា)។
ទីក្រុងមូស្គូ បង្ហាញផែនការនេះជាមធ្យោបាយមួយសម្រាប់វិនិយោគិនរុស្ស៊ី និងបរទេស ដើម្បីរំដោះទ្រព្យសម្បត្តិដែលត្រូវបានរារាំងដោយទណ្ឌកម្មរបស់លោកខាងលិច និងវិធានការប្រឆាំងរបស់រុស្ស៊ី ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមនៅអ៊ុយក្រែន។
ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក អាយវែន ឆេបេស្កូវ (Ivan Chebeskov) បាននិយាយថា ការទប់ស្កាត់ទ្រព្យសម្បត្តិ ដូចជាភាគហ៊ុន ដែលកាន់កាប់ដោយជនជាតិរុស្សីនៅក្នុងក្រុមហ៊ុនអាមេរិក បានធ្វើឱ្យខូចទំនុកចិត្តរបស់អ្នកវិនិយោគតូចៗចំពោះទីផ្សារភាគហ៊ុនទូទៅ ប៉ុន្តែមនុស្សភាគច្រើននៅតែមើលឃើញថាភាគហ៊ុនជាការវិនិយោគដ៏ល្អ។
ក្រសួងហិរញ្ញវត្ថុរុស្ស៊ី បានដាក់ចេញនូវយន្តការសម្រាប់ការដោះដូរទ្រព្យបង្កកនេះកាលពីថ្ងៃចន្ទ ដោយនិយាយថាជនជាតិរុស្សី ដែលមានទ្រព្យសម្បត្តិបរទេសដែលត្រូវបង្កក ហើយចង់ចូលរួមក្នុងគម្រោងនេះ ត្រូវតែដាក់ពាក្យសុំទៅសភាវិនិយោគ ដែលជាឈ្មួញកណ្តាលក្នុងស្រុក នៅចន្លោះថ្ងៃទី២៥ ខែមីនា ដល់ថ្ងៃទី០៨ ខែឧសភា៕