
នៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ (ទី១២ ខែមីនា) អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា ចំនួនកុមារទូទាំងពិភពលោកដែលបានស្លាប់នៅក្រោមអាយុ ៥ឆ្នាំ បានឈានដល់កម្រិតទាបបំផុត ក្នុងឆ្នាំ២០២២។
របាយការណ៍នោះ បានបង្ហាញថា បើយោងតាមការប៉ាន់ប្រមាណ កុមារ ៤,៩លាននាក់ បានស្លាប់នៅមុនអាយុគ្រប់ ៥ឆ្នាំ ក្នុងឆ្នាំ២០២២ ដោយថយចុះ ៥១ភាគរយ គិតចាប់តាំងពីឆ្នាំ 2000 និងធ្លាក់ចុះ ៦២ភាគរយ កិតចាប់តាំងពីឆ្នាំ១៩៩០ តែរបាយការណ៍នោះនៅតែព្រមានថា ការវិវត្តបែបនេះ គឺ «មិនទៀងទាត់» និង «មិនសមាមាត្រ» នោះទេ។
នាយកផ្នែកសុខភាពនៅទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ ហៅកាត់ថា UNICEF គឺលោកស្រី Helga Fogstad បានប្រាប់សារព័ត៌មាន AFP ថា៖ «មានព័ត៌មានល្អៗជាច្រើន ហើយព័ត៌មានដែលសំខាន់នោះ គឺថា យើងមាននូវកម្រិតជាប្រវត្តិសាស្ត្រនៃការស្លាប់ក្រោមអាយុ ៥ឆ្នាំ ដែលឈានដល់ក្រោមកម្រិត ៥លាននាក់ជាលើកដំបូង ដូច្នេះ កម្រិតនៃការស្លាប់នោះ គឺ ៤,៩លាន ក្នុង ១ឆ្នាំ»។
បើយោងតាមរបាយការណ៍ដែលរៀបចំឡើងដោយអង្គការ UNICEF រួមជាមួយនឹងអង្គការសុខភាពពិភពលោក (WHO) និងធនាគារពិភពលោក ការវិវត្តគឺដ៏គួរឲ្យកត់សម្គាល់ជាពិសេស នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដូចជាម៉ាឡាវី រ៉្វាន់ដា និងម៉ុងហ្គោលី ដែលអត្រាមរណភាព នៅកុមារភាព បានធ្លាក់ចុះយ៉ាងលឿនជាង ៧៥ភាគរយគិតចាប់តាំងពីឆ្នាំ២០០០ មក៕