
ដំរីប្រហែល ៧០ក្បាលនៅក្នុងទីក្រុងបុរាណអយុធ្យារបស់ប្រទេសថៃ បានរីករាយជាមួយនឹងផ្លែឈើជាច្រើនមុខ ដើម្បីអបអរសាទរទិវាជាតិសត្វដំរី នៅថ្ងៃពុធ (ទី១៣ ខែមីនា) នេះ អមដោយពិធីប្រពៃណី ដែលរៀបចំដោយព្រះសង្ឃព្រះពុទ្ធសាសនា។
អ្នកស្ម័គ្រចិត្តក្នុងស្រុក និងអន្តរជាតិត្រូវបានអញ្ជើញឲ្យចូលរួមក្នុងការផ្តល់បន្លែ និងផ្លែឈើចំនួនដប់តោនដល់ថនិកសត្វធំជាងគេនេះ ដោយជំរុញការយល់ដឹងអំពីទំនាក់ទំនងដ៏រឹងមាំ រវាងជនជាតិថៃ និងសត្វដំរី ក្នុងស្រុក។ យោងតាមនាយកដ្ឋានអភិរក្សសត្វព្រៃ និងរុក្ខជាតិថៃ បានឲ្យដឹងថា មានដំរីក្នុងស្រុកប្រហែល ៣.៨០០ក្បាល បានបន្សល់ទុកនៅក្នុងដែនជម្រកសត្វព្រៃនៅទូទាំងប្រទេសថៃ។
ទិវាជាតិសត្វដំរីរបស់ថៃត្រូវបានផ្តួចផ្តើមឡើងដោយអ្នកអភិរក្សសត្វព្រៃ ក្នុងឆ្នាំ១៩៩៨ ដើម្បីជាការដាស់តឿនដល់ប្រជាជនថៃអំពីសារៈសំខាន់នៃដំរី និងលើកទឹកចិត្តដល់ការគាំទ្រកិច្ចប្រឹងប្រែង ដើម្បីការពារពួកវាពីការបរបាញ់៕