
សមាជិកសហគមន៍ជនជាតិដើមភាគតិចអេក្វាឌ័រ បានដង្ហែក្បួននៅទីក្រុង Quito ទាមទារឲ្យរដ្ឋាភិបាលអនុលោមតាមតាមបទបញ្ជារបស់តុលាការ បញ្ឈប់ការប្រើប្រាស់បំពង់ចំហេះឧស្ម័នធម្មជាតិរាប់រយកន្លែង ដោយក្រុមហ៊ុនផលិតប្រេងនៅព្រៃជប់ភ្លៀងអាម៉ាហ្សូនក្នុងប្រទេសមួយនេះ ។
នៅក្នុងចំណោមក្រុមបាតុករ គឺជាយុវជនអាម៉ាហ្សូន ៩ក្រុម ដែលបានបង្កើតឡើងជាផ្នែកមួយនៃដើមបណ្តឹងឆ្នាំ ២០២០ ទាមទារឲ្យបិទបំពង់ចំហេះឧស្ម័នធម្មជាតិ ៤៤៧កន្លែងនៅតំបន់ Sucumbios និងតំបន់ Orellana ។
ក្រុមយុវជន បានទាមទារឲ្យរដ្ឋាភិបាលអនុលោមតាមការចេញសេចក្តីសម្រេចកាលពីឆ្នាំ ២០២១ ដែលបញ្ជាឲ្យបិទបំពង់ចំហេះឧស្ម័នធម្មជាតិ ។
កាលពីឆ្នាំ ២០២១ ប្រព័ន្ធតុលាការអេក្វាឌ័រ បានសម្រេចឈរខាងក្មេងស្រី ៩នាក់ ដែលជំទាស់ថា ផលប៉ះពាល់នៃបំពង់ចំហេះឧស្ម័នធម្មជាតិ បំពានសិទ្ធិទទួលបានទឹក សុខភាព អធិបតេយ្យភាពស្បៀងអាហារ និងបរិស្ថានអេកូឡូស៊ីប្រកបដោយផាសុខភាព និងមានតុល្យភាព ។
យោងតាមការអះអាងរបស់លោក Pablo Fajardo គឺជាមេធាវីតំណាងក្រុមយុវជន និងសហជីបប្រជាជនរងផលប៉ះពាល់ដោយសារប្រតិបត្តិការប្រេងរបស់ក្រុមហ៊ុន Texaco បានឲ្យដឹងថា ក្រសួងថាមពល និងរ៉ែ មានពេល ១៨ខែ ដើម្បីលុបបំបាត់ចោលការដំឡើងបំពង់ចំហេះឧស្ម័នធម្មជាតិទាំងអស់នៅជិតទីក្រុង ប៉ុន្តែពួកគេបែរជាបង្កើនប្រតិបត្តិការរបស់ពួកគេ ដោយបំពានលើសេចក្តីសម្រេចរបស់តុលាការ ។
ក្រុមបាតុករ អះអាងថា ការបំពុលបានប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅជិតបំពង់ចំហេះឧស្ម័នធម្មជាតិ បណ្តាលឲ្យកើតជំងឺជាច្រើន ដូចជាជំងឺមហារីកជាដើម ៕