
ទីភ្នាក់ងារថាមពលអន្តរជាតិ(IEA) និយាយនៅថ្ងៃពុធនេះថា ការបំភាយឧស្ម័នមេតានពីវិស័យថាមពល នៅតែស្ថិតកម្រិតខ្ពស់ជិតកំណត់ត្រានៅឆ្នាំ ២០២៣ បើទោះបីជាមានការប្តេជ្ញាចិត្តពីឧស្សាហកម្មប្រេង និងឧស្ម័ន ដើម្បីបញ្ឈប់ការលេចធ្លាយហេដ្ឋារចនាសម្ព័ន្ធក៏ដោយ ។
ទោះបីជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារមួយនេះ និយាយថា ខ្លួនមានសុទិដ្ឋិនិយមចំពោះផ្កាយរណបថ្មីដែលអាចជួយធ្វើឲ្យល្អប្រសើរឡើងការតាមដាន និងតម្លាភាពជុំវិញការលេចធ្លាយឧស្ម័នមេតាន ដែលជាឧស្ម័នផ្ទះកញ្ចក់ទទួលខុសត្រូវប្រហែល ១ភាគ៣នៃការឡើងសីតុណ្ហភាពសកល ចាប់តាំងពីបដិវត្តន៍ឧស្សាហកម្ម ។
របាយការណ៍បានចេញផ្សាយថា ការផលិត និងការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ធ្វើឲ្យឧស្ម័នមេតានជាង ១២០តោនបំភាយចូលក្នុងបរិយាកាសកាលពីឆ្នាំមុន ពោលគឺកើនឡើងតិចតួចច្រើនជាងកាលពីឆ្នាំ ២០២២ ។
យោងតាមការអះអាងរបស់ក្រុមតាមដានឧស្ម័នមេតានសកលរបស់ IEA បានឲ្យដឹងថា ការបំភាយឧស្ម័នមេតាន បានឡើងដល់កម្រិតខ្ពស់ជិតកំណត់ត្រា ចាប់តាំងពីឆ្នាំ ២០១៩មក ។
យោងតាមរបាយការណ៍នេះ បានឲ្យដឹងថា ផ្សែងឧស្ម័នមេតានទ្រង់ទ្រាយធំ ពីការលេចធ្លាយហេដ្ឋារចនាសម្ព័ន្ធឥន្ធនៈហ្វូស៊ីល បានហក់ឡើងខ្ពស់ចំនួន ៥០ភាគរយនៅក្នុងឆ្នាំ ២០២៣ បើធៀបនឹងឆ្នាំ ២០២២ ។
ហេតុការណ៍បំភាយឧស្ម័នមេតាន ក្នុងចំណោមការបំភាយឧស្ម័នមេតានខ្លាំងបំផុតត្រូវបានរកឃើញដោយផ្កាយរណប បានកើតមាននៅក្នុងប្រទេសកាហ្សាក់ស្ថាន ដែលមានរយៈពេលជាង ២០០ថ្ងៃ ៕