ភ្នំពេញ ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិង វិហារដាណឺម៉ាក នៅកម្ពុជា បានចុះអនុស្សរណៈជា មួយគ្នាដើម្បីបន្តប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធក្នុងការ អនុវត្តសកម្មភាពការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និង ការឆ្លើយតបគ្រោះអាសន្ន រួមគ្នានៅកម្ពុជា។
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានៅគណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាព្រឹកថ្ងៃទី១៣ខែមិនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ហង្ស សាមឿន, អនុប្រធានទី២ (គ.ជ.គ.ម. )និងជាទីប្រឹក្សាផ្ទាល់សម្តេចធិបតីហ៊ុន មាណែតនាយករដ្ឋមន្រ្តីនៃព្រះរាជាណចក្រកម្ពុជា តំណាងឯកឧត្តមកិត្តិសិង្គហបណ្ឌិតគន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គជគមនិង លោក ហ្គាយ ខ្លាក (Mr. Guy Clarke), នាយកប្រចាំប្រទេសនៃអង្គការ DCA ។
អនុស្សរណៈនៃការយោគយល់គ្នានេះ ចូលជាធរមាន សម្រាប់រយៈពេល៣ឆ្នាំបន្ត ដោយគិតចាប់ពីកាលបរិច្ឆេទនៃការចុះហត្ថលេខានាក្នុងខែមីនា ឆ្នាំ២០២៤នេះតទៅ។
ឯកឧត្តម ហង្ស សាមឿន អនុប្រធានទី២ក្នុងនាមឯកឧត្តម កិត្តិសិង្គហបណ្ឌិត គន់ គីម ក៏បានកត់សម្គាល់ដោយសេចក្តីពេញចិត្តថា អង្គការជំនួយរបស់វិហារដាណឺម៉ាក នៅកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជា មួយស្ថាប័ន រាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីឆ្នាំ ២០០៤ រហូតដល់ ឆ្នាំ២០២៤។ ជាបន្តបន្ទាប់អង្គការជំនួយរបស់វិហារដាណឺម៉ាកនៅកម្ពុជា និងជាពិសេសទៅទៀតនោះក៏បានចុះអនុស្សរណៈ នៃការយោគយល់គ្នាជាមួយគណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចាប់តាំងពីឆ្នាំ ២០១២ រហូតដល់បច្ចុប្បន្ន ។
ឯកឧត្ដម អនុប្រធានទី២ បានជំរុញលើកទឹកចិត្តបន្ថែមទៀតដល់អង្គការជំនួយរបស់វិហារដាណឺម៉ាក នៅកម្ពុជា ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែសកម្ម និងជិតស្និទ្ធ រវាង និង គ.ជ.គ.មដែលមានសម្តេចធិបតី ហ៊ុន មាណែត ជាប្រធាន និង ឯកឧត្តម កិត្តិសិង្គហបណ្ឌិតគន់ គីម ជាអនុប្រធានទី១ផងដែរ ដូចជា ការរៀបចំ វេទិកាជាតិ និងអន្តរជាតិ, សិក្ខាសាលា ការបណ្តុះបណ្តាល ការបង្ក្រាបយេនឌ័រ និងសកម្មភាពនានាទៀតផង៕ ដោយ ៖ ភារម្យ






